អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ មាតិកាដែលត្រូវបានបង្ហោះលើគណនី Instagram ឈ្មោះ Dixie Dragon បើតាមការពិនិត្យ បង្ហាញថាត្រូវបានថតនៅប្រទេសជិតខាង គឺពុំមែននៅកម្ពុជាឡើយ

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា មាតិកាដែលត្រូវបានបង្ហោះលើគណនី Instagram ឈ្មោះ Dixie Dragon បើតាមការពិនិត្យ បង្ហាញថាត្រូវបានថតនៅប្រទេសជិតខាង គឺពុំមែននៅកម្ពុជាឡើយហើយក្រសួងព័ត៌មានបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានដាក់វិធានការសមស្របជាបន្តបន្ទាប់។
ឯកឧត្តម ទេព អស្នារិទ្ធ បន្តថា ដោយសារម្ចាស់គណនី នៅក្រៅប្រទេស ហើយប្រើបណ្តាញ Instagram ដែលជាplatform របស់ក្រុមហ៊ុនឯកជន ក្រសួងបានប្រមូលព័ត៌មាន ដែលធ្វើឱ្យមានការយល់ច្រឡំមកលើកម្ពុជា ដើម្បីរៀបចំរបាយការណ៍ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ បន្ថែម ក្នុងការទាក់ទងធ្វើការជាមួយក្រុមហ៊ុននេះ ។
ក្រសួង នឹងស្នើក្រុមហ៊ុនឱ្យមានវិធានការសមស្រប ចំពោះខ្លឹមសារនិងមាតិកា ដែលមានលក្ខណៈយល់ច្រឡំមកលើកម្ពុជា ។
តាមប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ មានភស្តុតាងមួយចំនួនទៀត ដែលគេអាចទាញការសន្និដ្ឋានបានថាមិនមែននៅកម្ពុជា គឺដោយសារការសរសេរអក្សរលើស្លាក សញ្ញា ទាំង ក្រៅ ឬក្នុងហាង ឬភាសាដែលអ្នកលក់ក្នុងហាង និងនៅស្ថានីយប្រេង បានប្រើ គឺជាភាសាផ្សេង មិនមែនភាសាខ្មែរ (អាចជាភាសាវៀតណាម) និងមានភស្តុតាងមួយចំនួនទៀត ដែលគេអាចពិនិត្យតាមរយៈខ្លឹមសារក្នុងវីដេអូពាក់ព័ន្ធ ដើម្បីបញ្ជាក់ថាសាច់រឿង និងវីដេអូទាំងនោះពុំមែននៅកម្ពុជា ទេ។
ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា វិធានការភា្លម ដែលក្រសួងបានដាក់ចេញ គឺបានព្យាយាមទាក់ទងទៅម្ចាស់គណនីផ្ទាល់ ដើម្បីស្នើកុំឱ្យផ្សាយមាតិកា ដែលបង្កការយល់ច្រឡំនេះតទៅទៀត ដោយបញ្ជាក់ប្រាប់ម្ចាស់គណនីថា ទីតាំង និងមនុស្ស(អ្នកលក់ ឬអ្នកមានវត្តមានក្នុងវីដេអូ មិនមែននៅកម្ពុជា និងមិនមែនជាខ្មែរទេ) និងសូមស្នើឱ្យគាត់ដកមាតិកាដែលអាចបង្កការយល់ច្រឡំទាំងនោះចេញ។
ឯកឧត្តម ទេព អស្នារិទ្ធ ប្រកាសឱ្យសាធារណៈជន កុំចែកចាយមាតិកា និងអំពាវនាវឱ្យសាធារណៈជន សូមចូលរួម ចូលទៅ comment ក្នុងផុសដែលអាចបង្កការយល់ច្រឡំ ដោយប្រាប់ថា «ពុំមែនខ្មែរទេ និងពុំមែននៅប្រទេសកម្ពុជាទេ» ៕

You might also like