សេចក្តីបំភ្លឺផ្លូវការ ៖ មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ បន្ទាប់ពីប្រព្រឹត្តល្មើសវិន័យជាបន្តបន្ទាប់!

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជាផ្លូវការ ដើម្បីឲ្យសាធារណជនយល់ច្បាស់អំពីករណីអនុវត្តវិន័យរដ្ឋបាល ចំពោះឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ ដែលត្រូវបានសម្រេចបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ បន្ទាប់ពីរកឃើញការប្រព្រឹត្តល្មើសជាបន្តបន្ទាប់ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន ព្រមទាំងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
តាមការបញ្ជាក់ មន្ត្រីរូបនេះបានប្រព្រឹត្តអំពើខុសវិន័យជាបន្តបន្ទាប់ ទោះបីធ្លាប់ទទួលបានឱកាសឲ្យកែប្រែកំហុសពីសំណាក់អង្គភាពជាច្រើនដងក៏ដោយ ប៉ុន្តែមិនមានការកែលម្អឲ្យប្រសើរឡើយ ហើយនៅតែបន្តអំពើដែលប៉ះពាល់ដល់វិជ្ជាជីវៈ និងសុចរិតភាពនៃកងកម្លាំងនគរបាលជាតិ។
ក្នុងចំណោមកំហុសសំខាន់ៗដែលត្រូវបានរាយការណ៍ មានដូចជា៖
*ឆ្នាំ២០២១៖ ប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាស័ក្ដិនគរបាល ដើម្បីផលិតវីដេអូកម្សាន្តបង្ហោះលើបណ្ដាញសង្គម ដោយមានគោលបំណងផ្ទាល់ខ្លួន បង្កឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ហើយត្រូវបានដាក់ពិន័យបន្ថយឋានន្តរស័ក្ដិ ១ថ្នាក់។ *ខែកុម្ភៈ ឆ្នាំ២០២៤៖ យកជនស៊ីវិលចូលរួមអនុវត្តការងារនគរបាល និងពាក់ព័ន្ធនឹងការរៀបចំការផ្ទេរប្រាក់ផាកពិន័យក្លែងក្លាយ ព្រមទាំងបង្កើតគណនីបណ្ដាញសង្គមក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីផ្សេងទៀត។ *ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤៖ ប្រើប្រាស់សិទ្ធិអំណាចខុសច្បាប់ ដើម្បីគំរាមទារប្រាក់ពីម្ចាស់រថយន្ត ក្រោយឃាត់យានយន្តមួយករណីល្មើសចរាចរណ៍ ហើយព្យាយាមលាក់បាំងព័ត៌មានមិនរាយការណ៍ទៅថ្នាក់លើ។ ករណីនេះបង្កការភ្ញាក់ផ្អើល និងការរិះគន់ខ្លាំងលើបណ្ដាញសង្គម ហើយត្រូវបានពិន័យព្រមានជាលាយលក្ខណ៍អក្សរ និងបន្ថយឋានន្តរស័ក្ដិបន្ថែម។ *ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥៖ បង្ហោះ ឬបែកធ្លាយឯកសារផ្ទៃក្នុងអង្គភាពទៅកាន់សារព័ត៌មាន ដោយមានចេតនាវាយប្រហារលើអង្គភាព បន្ទាប់ពីមានការខឹងសម្បារផ្ទាល់ខ្លួនជាមួយថ្នាក់ដឹកនាំ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ការសម្រេចបណ្តេញចេញនេះ គឺអនុវត្តតាមគោលការណ៍វិន័យយ៉ាងតឹងរឹង ដើម្បីរក្សាប្រក្រតីភាព កិត្តិយស និងភាពជឿជាក់របស់ស្ថាប័ន ចំពោះសាធារណជន។
ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឲ្យមន្ត្រីគ្រប់រូប គោរពវិន័យ និងគោលការណ៍វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន ដើម្បីបន្តបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងមានប្រសិទ្ធភាព។
សេចក្តីបំភ្លឺនេះ ត្រូវបានចេញផ្សាយ ដើម្បីឲ្យសាធារណជនទទួលបានព័ត៌មានត្រឹមត្រូវ និងជៀសវាងការយល់ច្រឡំ៕

You might also like