របាយការណ៍ ៖ សហរដ្ឋអាមេរិក អនុញ្ញាតឱ្យនាវាដឹកប្រេងរបស់រុស្ស៊ីទៅដល់ប្រទេសគុយបា
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា ថា សហរដ្ឋអាមេរិក អនុញ្ញាតឱ្យនាវាដឹកប្រេងរបស់រុស្ស៊ីផ្ទុកពេញដោយប្រេងឆៅទៅដល់ប្រទេសគុយបា ដែលអាចជាការផ្តល់ខ្សែជីវិតដល់កោះតំបន់សមុទ្រការ៉ាអ៊ីបមួយនេះក្នុងពេលមានការបិទផ្លូវប្រេងដាក់ដោយទីក្រុងវ៉ាស៊ីនតោន។ ទិន្នន័យតាមដាននាវាបានបង្ហាញថា នាវាដឹកប្រេងបំពាក់ទង់ជាតិរុស្ស៊ី Anatoly Kolodkin កាលពីថ្ងៃអាទិត្យ បានស្ថិតនៅក្បែរចុងភាគខាងកើតប្រទេសគុយបា។
របាយការណ៍របស់កាសែត The Times ដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលបានសង្ខេបអំពីបញ្ហានេះ និយាយថា វាមិនច្បាស់នោះទេថាហេតុអ្វីបានជាឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក អនុញ្ញាតឱ្យមានការដឹកជញ្ជូនឆ្លងកាត់។ ទោះជាយ៉ាងណា ចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីរារាំងនាវាដឹកប្រេងអាចបង្កើនភាពតានតឹងនៅលើសមុទ្រជាមួយរុស្ស៊ី។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរារាំងការដឹកជញ្ជូនប្រេងទាំងអស់ទៅកាន់ប្រទេសគុយបា ក្នុងបំណងដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងឡាហាវ៉ាន។ ដោយឡែក សហរដ្ឋអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មជាបណ្តោះអាសន្នលើប្រទេសរុស្ស៊ី ដើម្បីជួយធ្វើឲ្យប្រសើរលំហូរប្រេង ដែលត្រូវបានរឹតត្បិតដោយសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។ ទិន្នន័យត្រួតពិនិត្យនាវា LSEG ក៏បានបង្ហាញផងដែរថា នាវាបានចេញដំណើរពីកំពង់ផែ Primorsk របស់រុស្ស៊ី ដោយដឹកប្រេងឆៅប្រហែល ៦៥០.០០០ បារ៉ែល។
ប្រធានាធិបតី លោក Miguel Diaz-Canel និយាយថា ប្រេងដ៏ច្រើន នឹងផ្តល់ភាពធូរស្រាលដល់ប្រទេសគុយបា ដែលមិនបានទទួលការនាំចូលប្រេងណាមួយរយៈពេលបីខែមកហើយ បណ្តាលឱ្យមានការរឹតត្បិតប្រេងយ៉ាងតឹងរ៉ឹង និងធ្វើឱ្យវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ បង្កឱ្យមានការដាច់ចរន្តអគ្គិសនីជាច្រើនលើកនៅទូទាំងប្រទេសគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះ។






