បុរសម្នាក់ ចូលបន្ទប់ម៉ាស្សា១ម៉ោងកោសជប់រួច បែរជាគាំងបេះដូងស្លាប់
ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ក្រោយចូលម៉ាស្សា និងកោសជប់ បានរយៈពេល១ម៉ោង ដែលមន្ត្រីផ្នែកបច្ចេកទេសសង្ស័យ «គាំងបេះដូង» កាលពីយប់ថ្ងៃទី២៩ មីនា ស្ថិតនៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច ជនរងគ្រោះឈ្មោះ ថោង ប៉េង ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ។ ជនរងគ្រោះ បានស្លាប់នៅលើគ្រែ ក្នុងបន្ទប់ម៉ាស្សាដែលមានយីហោ«អាធា»ដែលមានស្លាកស្នាមកោសជប់ពេញដងខ្លួន ។ កំណត់ហេតុបំភ្លឺរបស់ម្ចាស់ហាងម៉ាស្សា ឈ្មោះ ហេង ធា ភេទស្រី អាយុ៤៥ឆ្នាំ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានមកដល់ហាងម៉ាស្សាគាត់នៅម៉ោងប្រហែល៥និង២០នាទីល្ងាច ថ្ងៃទី២៩ មីនា ក្នុងគោលបំណងមកកោសខ្យល់ ។
ពេលនោះគាត់ក៏បាននាំបុរសនោះចូលបន្ទប់ រួចគាត់ក៏ចាប់ផ្ដើមជប់ខ្យល់និងកោសខ្យស់ ហើយថែមទាំងម៉ាស្សាឲ្យភ្ញៀវទៀត ដោយចំណាយពេលជិត១ម៉ោងទើបរួច ។ អ្នកម៉ាស្សាបានបញ្ជាក់ថាក្រោយកោសជប់ហើយស្រាប់តែបុរសនោះងើបមិនរួច ថែមទាំងរាគនោមដាក់ខោបញ្ឍរភ្នែកទៀត ។ ឃើញបែបនេះគាត់ក៏ស្រែក ហៅឲ្យគេជួយ តែបុរសនោះបានដាច់ខ្យល់ស្លាប់ភ្លាមៗ និងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
អធិការក្រុងបាត់ដំបងលោក ពេជ្រ សារ៉ែន បានប្រាប់ថា នៅក្នុងសំណុំរឿងនេះ មន្ត្រីជំនាញរបស់លោកបានត្រួតពិនិត្យនិងបានសួរបញ្ជាក់ ពីម្ចាស់ហាងម៉ាស្សាឈ្មោះ ហេង ធា យ៉ាងលំអិតនិងច្បាស់លាស់អំពីការស្លាប់នៃជនរងគ្រោះ ។
លោកបានស្រង់សម្ដីម្ចាស់ហាងម៉ាស្សាថា អ្នកម៉ាស្សាបានបញ្ជាក់ហើយបញ្ជាក់ទៀតថា គាត់មិនបានធ្វើអ្វីទៅលើជនរងគ្រោះ ក្រៅពីកោសជប់ និងម៉ាស្សានោះទេ ។ ជនរងគ្រោះហាក់ដូចជាគាំងបេះដូង ក្រោយពេលគាត់ចំណាយពេលប្រហែល១ម៉ោង កោសជប់និងម៉ាស្សា ។
លោកអធិការបានបញ្ជាក់ថា ដោយយោងតាមការធ្វើកោសវិច្ច័យរបស់មន្ត្រីបច្ចេកទេស និងតាមការបំភ្លឺរបស់អ្នកម៉ាស្សាផ្ទាល់ ជនរងគ្រោះអាចស្លាប់ដោយសារ «គាំងបេះ ឬ ខ្យល់គ» ៕






