ជនសង្ស័យប្រុសស្រី០៨នាក់ នគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចនិងទទួលផលចោរកម្ម
ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធធ្ងន់បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង០៨នាក់ កម្លាំងនគរបាលបានធ្វើការដកហូតវត្ថុតាង , ម៉ូតូម៉ាកស្កុបពីពណ៌ទឹកក្រូច ០១គ្រឿង គ្មានផ្លាកលេខ(ម៉ូតូជនរងគ្រោះ) ម៉ូតូម៉ាកហុងដាពណ៌ខ្មៅ អត់ផ្លាកលេខ០១គ្រឿង ។
ជនសង្ស័យទាំង០៨នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសពិតប្រាកដមែន បន្ទាប់មកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ។ ចំណែកជន សង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕






