បង្ក្រាបក្រុងក្មេងទំនើងបានមួយសំបុក បញ្ជូនទៅស្នងការនគរបាលខេត្តចាត់ការតាមច្បាប់

ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកបាទី បានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនានេះថា កាលពីថ្ងៃសុក្រ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែ មីនាឆ្នាំ២០២៦ វេលាម៉ោង០០និង ៥០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទីបានល្បាតនៅតាមបណ្តោយដងផ្លូវជាតិលេខ ២ រហូតដល់ចំណុចស្ពានអន្លង់ធន់ ស្ថិតក្នុងភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក៏បានប្រទះឃើញជនសង្ស័យ ០១ ក្រុមមានគ្នា២ នាក់៖
ទី១/. ឈ្មោះ សុខ សុភ័ណ្ឌ ហៅណាង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី និងទី២/. ឈ្មោះ ឆើ សុធា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី។ ក្រុម ជនសង្ស័យទាំង២ នាក់ជាមុខសញ្ញាក្មេងទំនើងដោយ ប្រើប្រាស់មធ្យោបាយម៉ូតូ១ គ្រឿងម៉ាមស៊ុយស៊ូគីនិច សេរីឆ្នាំ ២០២៥ ពណ៌ខៀវ គ្មានស្លាកលេខ ជិះក្នុងល្បឿនយ៉ាងលឿន មានកាន់សាំម៉ូរ៉ៃ ផ្លែដែកដងឈើ ចំនួន១ ដើម ប្រវែង ៥៥ សង់ទីម៉ែត្រអូសពីលើផ្លូវជាតិ បែកផ្កា ភ្លើងពេញផ្លូវ បង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ។
ខណៈនោះកម្លាំងនគរបាលបានប្រដេញហៅឃាត់ឱ្យឈប់ ដល់ចំណុចខាងមុខ វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន បាទី ទើបឃាត់បាន។ បន្ទាប់មកកម្លាំងបានសុំការសហការត្រួតពិនិត្យឆែកឆេរ ភ្លាមនោះ ក្រុមជនសង្ស័យបានបោះដាវសាំម៉ូរ៉ៃផ្លែ ដែលមានភិនភាគខាងលើ លាក់ទុកនៅគុម្ពស្មៅ ក្បែរកន្លែងកើតហេតុ។ រំពេចនោះកម្លាំង សមត្ថកិច្ចបានប្រទះឃើញសកម្មភាពជាក់ស្តែង ក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង ២ នាក់ ខាងលើ និងដកហូតវត្ថុតាង។
ក្នុងអំឡុងកំពុងប្រតិបត្តិការនោះ ក៏មានជនសង្ស័យ ១ ក្រុមទៀត មានគ្នា៤ នាក់៖
ទី១/. ឈ្មោះ វ៉េង សុថាវ៉ាត ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ
ទី២/. ឈ្មោះ តឹម សុធីម ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ
ទី៣/. ឈ្មោះ ផៃ ភ័ក្ត្រ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ
ទី៤/. ឈ្មោះ ធី ធា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលក្រុមជនសង្ស័យទាំង៤នាក់ខាងលើ ជា មុខសញ្ញាក្មេងទំនើងប្រើប្រាស់មធ្យោបាយម៉ូតូ២ គ្រឿង៖
១/ម៉ូតូធុនស៊ុយស៊ូគីស្មាសវី មិនស្គាល់សេរីឆ្នាំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GP-១៣៤៨
២/ម៉ូតូធុនស៊ុយស៊ូគីនិច សេរីឆ្នាំ ២០២៣ ពណ៌លឿង មិនស្គាល់ស្លាកលេខ។
ក្រុមជនសង្ស័យខាងលើ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង និងមានកាន់ដងឆ័ត្រ (ដែក) ពណ៌ស ប្រវែង ១១០ សង់ទីម៉ែត្រ២ ដើមមិនប្រក្រតីគួរឱ្យការសង្ស័យ ។ ខណៈនោះ កម្លាំងនគរបាលបានប្រដេញហៅឃាត់ក្រុមជនសង្ស័យឱ្យឈប់។ រហូតដល់ចំណុចខាងមុខផ្សារចំបក់ ស្ថិតក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវជនសង្ស័យឈ្មោះ វ៉េង សុថាវ៉ាត និង តឹម សុធីម បានផ្តួលម៉ូតូរត់គេចខ្លួន។ រំពេចនោះ កម្លាំងព្យាយាមដេញតាមក្រោយ ស្រាប់តែជនសង្ស័យបម្រុងធ្វើសកម្មភាពតបតមកលើកម្លាំងសមត្ថកិច្ច តែត្រូវបានកម្លាំងយើងឃាត់ខ្លួនបាន ព្រមទាំងដកហូតវត្ថុតាង ដងឆ័ត្រចំនួន ០២ ដើម និងកូនកាំបិត ផ្លែដែក ដងជ័រ១ ដើមភ្លាមៗ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីលោក ម៉ៅ ស៊ីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ទោ មូល សារ៉ាត់ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួន ជនសង្ស័យ២ក្រុម មានគ្នា ចំនួន ០៤ នាក់៖
ទី១/. ឈ្មោះ សុខ សុភ័ណ្ឌ ហៅណាង ភេទប្រុស អាយុ ២០ ឆ្នាំ
ទី២/. ឈ្មោះ ឆើ សុធា ភេទប្រុស អាយុ ១៨ ឆ្នាំ
ទី៣/. ឈ្មោះ វ៉េង សុថាវ៉ាត ភេទប្រុស អាយុ ២៤ ឆ្នាំ
ទី៤/. ឈ្មោះ តឹម សុធីម ភេទប្រុស អាយុ ១៨ ឆ្នាំ
ព្រមទាំងដកហូតវត្ថុតាង ដាវសាំម៉ូរ៉ៃ ចំនួន ០១ ដើម, ដងឆ័ត្រដែក ចំនួន ០២ ដើម, កូនកាំបិត ចំនួន ០១ ដើម, ម៉ូតូ ចំនួន ០២ គ្រឿង និងសម្ភារៈមួយចំនួនទៀត យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី។
លុះដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១០ និង ៣០ នាទី កម្លាំងបានបន្តស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យ១ នាក់ផ្សេងទៀត ឈ្មោះ ផៃ ភ័ក្ត្រ ភេទ ប្រុស អាយុ ២០ឆ្នាំ នៅត្រង់ចំណុចក្នុងរោងចក្រស្រ្តងហ៊ែល ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទីយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរនិងកសាងសំណុំរឿង តាមនីតិវិធី។ ចំណែកឯ ជនសង្ស័យ ឈ្មោះ ធី ធា ភេទប្រុស អាយុ ១៩ ឆ្នាំកំពុងរត់គេចខ្លួន។
កម្លាំងជំនាញបានបញ្ជូនខ្លួន ជនត្រូវចោទ ទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

You might also like