ក្រសួងការងារ ត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយពលករខ្មែរនៅថៃ ក្នុងករណីមានការបញ្ជូនមកកម្ពុជាវិញ “មានទាំងការងារ និងអត្ថប្រយោជន៍ផ្សេងៗ”

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានថ្លែងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយដល់បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅក្នុងប្រទេសថៃ ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែង សម្រាប់ត្រៀមផ្ដល់ជូនបងប្អូនពលករខ្មែរដែលត្រឡប់មកស្រុកវិញ។
លោក ស៊ុន មេសា ថ្លែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានត្រៀមខ្លួនជានិច្ចក្នុងការរង់ចាំទទួលស្វាគមន៍បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅប្រទេសថៃ ខណៈដែលឱកាសការងាររាប់ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនពលករមកពីប្រទេសថៃ។
លោកបន្តថា បុគ្គលិក និងកម្មករនិយោជិតដែលកំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជា មានឱកាសទទួលបានប្រាក់ខែខ្ពស់ប្រហាក់ប្រហែលនៅប្រទេសថៃដែរ ថែមទាំងមានសេវាថែទាំសុខភាព តាមរយៈបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.), ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងមានប្រាក់សោធន ខណៈដែលនៅប្រទេសថៃ មិនមានសេវាទាំងអស់នេះសម្រាប់ជួយគាំពារដល់ពលករខ្មែរដែលមិនមានឯកសារគ្រប់គ្រាន់នោះទេ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖«យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពបងប្អូនពលករយើងដែលផុតសុពលភាពត្រឹមថ្ងៃនេះ ហើយខ្ញុំក៏សូមបញ្ជាក់ថា នៅកម្ពុជាមានការងាររាប់ម៉ឺនកន្លែងដែលអាចផ្តល់ប្រាក់ចំណូលសមរម្យជូនបងប្អូនពលករ ក្នុងករណីដែលពួកគាត់ចង់រកការងារនៅក្នុងស្រុក។ បើទោះបីមិនមានជំនាញក៏យើងមានរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយអាចទទួលបានថវិកាចាប់តាំងពីថ្ងៃចូលរៀនដំបូង។ ដូចនេះមិនមានអ្វីគួរឱ្យបារម្ភឡើយ»។
ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអំពាវនាវឱ្យពលករខ្មែរវិលត្រឡប់មកកាន់មាតុភូមិវិញ មុនពេលមានការបណ្តេញចេញពីសំណាក់អាជ្ញាធរថៃ ដើម្បីចៀសវាងការប្រមាថ ឬបញ្ហាផ្សេងៗ។ រាជរដ្ឋាភិបាលត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ពលករទាំងអស់ ទោះបីជាមាន ឬគ្មានឯកសារស្របច្បាប់ក៏ដោយ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ ក្នុងចំណោមជាង ៨០នាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់៕

You might also like