មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា និងអាមេរិក ជួបពិភាក្សាបន្ថែមអំពីគម្រោងការធ្វើសមយុទ្ធឆ្មាំអង្គរកម្ពុជា-អាមេរិក ដែលគ្រោងធ្វើឡើងនាពេលខាងមុខ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ ជែល ខូលនីលា( GILES J.S. CORNELIA) មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយកិច្ចជំនួបនោះភាគីទាំងពីរបាននិយាយគ្នាបន្ថែមទៀតទាក់ទងនឹងគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរកម្ពុជា-អាមេរិក រួមគ្នា ដែលគ្រោងនឹងធ្វើឡើងលើទឹកដីកម្ពុជានាពេលខាងមុខនេះ។
បើតាមឆាណែលតេលេក្រាមរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថាជំនួបទ្វេភាគីខាងលើនេះ គឺមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ហើយភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ ដូចជាការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក(Army Staff Talks) ដើម្បីជាវេទិកា សម្រាប់ការសម្របសម្រួល និងដឹកនាំសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំជាដើម។
នៅក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន និងលោកឧត្តមសេនីយ៍ជែល ខូលនីលា ក៏បានពិភាក្សាអំពីការរៀបចំសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជាសមយុទ្ធរួមមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរផងដែរ។ សូមបញ្ជាក់ថា សមយុទ្ធឆ្មាំអង្គរកម្ពុជា-អាមេរិក (Angkor Sentinel) គឺជាសមយុទ្ធទ្វេភាគីប្រចាំឆ្នាំរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលផ្តោតលើការផ្តល់ជំនួយមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ផ្នែកសុខាភិបាល និងសន្តិភាពជាដើម។ ភាគីទាំងពីរនឹងធ្វើសមយុទ្ធដែលមានឈ្មោះថា «ឆ្មាំអង្គរ» នេះឡើងវិញនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ បន្ទាប់ពីបានអាក់ខានអស់រយៈពេលជិត១០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៧មកនោះ៕

You might also like