បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅសាលាដំបូងខេត្ត ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនាពេលកន្លងមក ។
ជាក់ស្តែង នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យជាស្ត្រី០២ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមានឈ្មោះ ប៊ីន ស្រីលាភ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ សោម រក្សា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រោមវិធានជំនាញរបស់អាវុធហត្ថ លុះដល់វេលាម៉ោង១១:២១នាទីព្រឹក (នាថ្ងៃ.ខែ.ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបន្តស្រាវជ្រាវ កំណត់មុខសញ្ញា ដល់ផ្ទះឈ្មោះ តូច តារា ស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រួច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់បន្ថែមទៀត។ដោយជនសង្ស័យរួមមានឈ្មោះ ប៊ុន គីមហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ,ឈ្មោះ ហួ គីមម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ តូច តារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដោយចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសាធាតុញៀន ចំនួន០២កញ្ចប់ (ទម្ងន់១.៤៣ក្រាម),រថយន្តចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០៥គ្រឿង,ម៉ូតូចំនួន០២គ្រឿង,ដែកកេះចំនួន០៤ និងខ្សៀជក់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕






