ឃាត់ជនជាតិចិន៤នាក់ ដកហូតកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួន

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងផ្ទះលេខ២៣ ផ្លូវJ-01 បុរីហ្រ្គេនភ្នំពេញ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយរកឃើញគ្រឿងញៀន ហើយធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនជាតិចិន៣នាក់ ព្រមទាំងដកហូតកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួន។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
របាយការណ៍របស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ក្នុងការត្រួតពិនិត្យនេះកម្លាំងនគរបាលបានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖
1-ម្សៅម៉ដ្ឋពណ៌ស ចំនួន១កញ្ចប់
2-ម្សៅម៉ដ្ឋពណ៌ទឹកដោះគោ ចំនួន១កញ្ចប់
3-សារធាតុរាវ ក្នុងដបមានអក្សរ Ketmaine ចំនួន៥ដប
4-ជញ្ជីង ចំនួន៣
5-ស៊ីឡៅ ចំនួន២
6-បំពង់កែវ ចំនួន១
7-ថង់ប្លាស្ទិចមួយចំនួន។ នៅក្នុងការត្រួតពិនិត្យនោះ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់មានឈ្មោះ LUO TIAN ZHU ភេទប្រុស អាយុ៣៥ឆ្នាំ។
រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២និង៥នាទី កម្លាំងនគរបាលបានបន្តស្រាវជ្រាវ និងឈានដល់ការឃាត់បានបក្ខពួក៣នាក់បន្ថែមទៀតនៅចំណុចផ្ទះលេខ២១ ផ្លូវJ-01 បុរីហ្រ្គេនភ្នំពេញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ដោយដកហូតបានអាវុធខ្លី២ដើម។
ជនសង្ស័យទាំង៣នាក់ រួមមាន៖
ទី១៖ ឈ្មោះ LI GANG អាយុ៥១ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ
ទី២៖ ឈ្មោះ ZHANG CHENXIANG អាយុ៣៦ឆ្នាំ ជនជាតិចិន
ទី៣៖ ឈ្មោះ WANG XIAOBING អាយុ៤៥ឆ្នាំ ជនជាតិចិន។
វត្ថុតាងដកហូត៖
1-អាវុធខ្លី ចំនួន ២ដើម ,បង់ ចំនួន២
2-លិខិតឆ្លងដែន ចំនួន ៣ក្បាល
3-ទូរស័ព្ទដៃ ចំនួន ២គ្រឿង
4-បណ្ណជនបរទេស ចំនួន ៣សន្លឹក
5-អត្តសញ្ញណប័ណ្ណចំនួន ១សន្លឹក។
ជនសង្ស័យ LUO TIAN ZHU បានឆ្លើយថា ខ្លួនចេញពីប្រទេសចិនមកកាន់ប្រទេសឡាវអំឡុងខែកុម្ភៈ ដើម្បីមកធ្វើការជាមួយមិត្តភក្តិនៅខារ៉ាអូខេ តែពេលមកដល់មិនបានជួបមិត្តភក្តិទេ ហើយត្រូវបានគេយកទៅទុកនៅឃ្លាំងមួយកន្លែង អស់រយះពេលប្រហែល១អាទិត្យ ហើយត្រូវបានគេដកលិខិតឆ្លងដែនទុក។ បន្ទាប់មកមានតៃកុងឡានឡាវម្នាក់ បានដឹកខ្លួនឆ្លងដែនចូលមកកម្ពុជា តែខ្លួនមិនដឹងចូលតាមច្រកណាទេ ដោយជិះកាត់ព្រៃ ហើយក៏មានតៃកុងឡានខ្មែរដឹកខ្លួនបន្តមកទីតាំងផ្ទះខាងលើ។
ជនសង្ស័យឈ្មោះ លី កាំង Li Gang មិនទាន់សារភាពទេ ដោយឆ្លើយដោះសារថា អាវុធខ្លីទាំង២ដើមខាងលើ គឺឆ្លើយម្តងថា ទិញពីជនជាតិចិន ម្តងថា ទិញពីខ្មែរ ក្នុងតំលៃ៥០០ដុល្លារ ហើយម្តងថា រើសបាននៅក្នុងធុងសំរាម។
ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង បញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីស្រាវជ្រាវបន្ត៕

You might also like