ជនបរទេស ១,៥២៨នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា

ភ្នំពេញ៖ នៅចុងខែមីនា ចាប់ពីថ្ងៃទី២៤ដល់៣១ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,៥២៨នាក់ ស្រី២៣២នាក់ មាន២៣សញ្ជាតិរួមមាន៖ យ៉ូហ្គង់ដា កេនយ៉ា នេប៉ាល់ ចិន ឥណ្ឌា បង់ក្លាដេស ប៉ាគីស្ថាន ចិនតៃវ៉ាន់ បេឡារូស វៀតណាម ឥណ្ឌូនេស៊ី ហ្គាណា អាហ្រិ្វកខាងត្បួង អង់គ្លេស ប៊ូរុនឌី កាមេរូន រវ៉ាន់ដា អូស្ត្រាលី នីហ្សេរីយ៉ា ជប៉ុន ស្រីលង្កា ហ្វីលីពីន និងមីយ៉ាន់ម៉ា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ២០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

You might also like