កម្ពុជា បញ្ជូនជនសង្ស័យប្រមាណ៧៥០នាក់ ទៅតុលាការពាក់ព័ន្ធករណី Online Scams ក្នុងរយៈពេល ៩ខែចុងក្រោយនេះ
(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានជម្រាបជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភាជាតិថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង២៥០ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ។
សន្តិបណ្ឌិតបានលើកឡើងដូច្នេះ ក្នុងឱកាសលោកបានដឹកនាំប្រតិភូនៃលេខាធិការដ្ឋានគ.ប.ឆ.ប. ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា» ដែលត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋានគ.ប.ឆ.ប ចំនួន ២១៣នាក់។
សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានថ្លែងថា ក្នុងក្របខណ្ឌប្រតិបត្តិការបោសសម្អាតទូទាំងប្រទេសរយៈពេល៩ខែចុងក្រោយនេះ ជនបរទេសចំនួន ១១,០០០នាក់ រួមមានជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងថៃ ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធOnline Scams។ ជាមួយគ្នានេះ អាជ្ញាធរបានបន្តចុះត្រួតពិនិត្យទីតាំងដែលមានការសង្ស័យ ក្នុងរាជធានីខេត្ត ចំនួនជាង១០,០០០កន្លែង ដែលមានវត្តមានជនបរទេសប្រមាណ៨០,០០០នាក់ស្នាក់នៅ ស្មើនឹង ៧៨សញ្ជាតិ។
សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអង្គប្រជុំទៀតថា ក្រុមបោកប្រាស់តាមអនឡាញលែងប្រមូលផ្តុំគ្នានៅក្នុងកាស៊ីណូ ឬ អគារធំៗ ដូចមុនទៀតហើយ ដោយសារកិច្ចខិតខំចុះបង្រ្កាបបានបំបែកសំបុកឧក្រិដ្ឋជនទាំងនោះ។ ក្រុមឧក្រិដ្ឋជនឆបោកដែលនៅសេសសល់ បានរត់គេចពីសមត្ថកិច្ច ដោយបានបំបែកគ្នាជាក្រុមតូចៗទៅធ្វើលបលួចធ្វើសកម្មជួលនៅតាមបុរី, ផ្ទះល្វែង ឬខុនដូ ជាលក្ខណៈដាច់ដោយឡែក ហើយបន្លំខ្លួនជាមួយប្រជាពលរដ្ឋ ដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ច។
សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានពន្យល់អំពីរូបភាព និងទម្រង់នៃការឆបោក ដែលក្រុមសមត្ថកិច្ចជំនាញបានប្រមូល និងចងក្រងជាភស្តុតាង រួមមានការបោកប្រាស់ក្រោមរូបភាពបង្កើតទំនាក់ទំនងស្នេហា ការឆបោកឱ្យដាក់ទុនក្នុងគម្រោងវិនិយោគដើម្បីទទួលផលចំណេញ ឬការប្រើកម្មវិធីឈ្នះរង្វាន់ជាធ្នាក់ដើម្បីឱ្យពលរដ្ឋផ្ទេរប្រាក់ ក៏ដូចជាសកម្មលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់, និង ការបោកប្រាស់ការងារដែលផ្តល់ប្រាក់ខែច្រើនជាដើម។
សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអង្គប្រជុំបន្ថែមថា ដើម្បីពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ក្នុងការប្រឆាំងអំពើឆបោកអនឡាញនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ហើយនឹងត្រូវឆ្លងព្រឹទ្ធសភានៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជា មានការជឿជាក់ថា ច្បាប់នេះ ក្រោយពេលត្រូវបានប្រកាសដាក់ឱ្យអនុវត្តហើយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាមិនឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាវិលត្រលប់មកកម្ពុជាវិញឡើយ។
លោក ធន់ វឌ្ឍនា បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលើការបង្ក្រាបបទល្មើស Online Scam នៅកម្ពុជានាពេលកន្លងមក ដោយកិច្ចខិតខំទាំងនេះត្រូវបានអន្តរជាតិទទួលស្គាល់។ ទន្ទឹមនេះយុទ្ធនាការបោសសម្អាតការឆបោកអនឡាញ បានស្ដារ និងការពារមុខមាត់ប្រទេសជាតិឡើងវិញ បន្ទាប់ពីបានរងគ្រោះដោយសារតែក្រុមឧក្រិដ្ឋជនមកពីក្រៅប្រទេស បានយកទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសនេះ។
លោកបានបន្តថា កម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដែរ គឺជាអ្នករងគ្រោះដោយសារបញ្ហាឆបោកអនឡាញនេះ។
នាឱកាសនោះដែរ អនុប្រធានទី២ ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំនាពេលនេះថាបានផ្តល់ឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា បានស្វែងយល់បន្ថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីចូលរួមពាំនាំយកព័ត៌មានទាំងនេះ ទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅសហគមន៍ តាមបណ្តារាជធានី ខេត្តឱ្យបានដឹងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ សំដៅធានាសុវត្ថិភាព សន្តិសុខ និងបរិយាកាសល្អសម្រាប់វិស័យទេសចរណ៍ វិនិយោគ និងការអភិវឌ្ឍសង្គមជាតិ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួមផុលផុសតាមរយៈការលើកឡើងជាមតិ យោបល់ សំណូរ ក្តីបារម្ភ ក៏ដូចជាសំណូមពរពីអង្គប្រជុំ ជូនដល់ប្រតិភូ នៃលេខាធិការដ្ឋានគ.ប.ឆ.ប. ៕






