មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសធនធានធម្មជាតិ និងជំរុញការបណ្តុះកូនឈើ

ខេត្តមណ្ឌលគិរី ៖ ស្របតាមយុទ្ធសាស្រ្តចក្រានៃវិស័យបរិស្ថាន (ភាពស្អាត ភាពបៃតង និងចីរភាព) និងដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងទិសដៅបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។

លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងកិច្ចប្រតិបត្តិការការពារតំបន់អភិរក្ស នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសព្រៃឈើបានចំនួន ២ករណី ផ្សេងៗគ្នា ករណីទី១ នៅចំណុចភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ កម្លាំងជំនាញបានឃាត់ចាប់រថយន្ត Lexus LX470 ពណ៌ស ចង្កូតឆ្វេង ចំនួន ០១គ្រឿង ដែលដឹកជញ្ជូនទ្វារឈើសុក្រំខុសច្បាប់ចំនួន ១១វង់។ ករណីទី២ នៅចំណុចភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា មន្ត្រីឧទ្យានុរក្សបានឃាត់ចាប់គោយន្តច្នៃចំនួន ០១គ្រឿង រួមជាមួយជន្លុងម្រេច (ប្រភេទឈើផ្ចឹក) ចំនួន ៤០ដើម។បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានមន្ត្រីជំនាញដកហូត និងកំពុងបន្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។

លោកប្រធានមន្ទីរបន្តថា ទន្ទឹមនឹងការបង្ក្រាប មន្ទីរបរិស្ថានក៏បានជម្រុញការងារ «ភាពបៃតង» តាមរយៈការដាំស្តារព្រៃឈើឡើងវិញ។ នៅថ្ងៃដដែលនេះ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក បានរៀបចំច្រកដី និងបណ្តុះកូនឈើប្រណីតៗ រួមមាន៖
* កូនឈើប្រភេទ កកោះ ចំនួន ៨៤៨ដើម
* កូនឈើប្រភេទ បេង ចំនួន ៦៨២ដើម
សកម្មភាពនេះ គឺជាផ្នែកមួយនៃយុទ្ធនាការចែកកូនឈើជូនពលរដ្ឋដាំ ដើម្បីបង្កើនភាពបៃតងក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមចូលរួមអភិរក្សធនធានធម្មជាតិ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងងាកមកចូលរួមដាំដើមឈើឡើងវិញឱ្យបានច្រើន។ បន្ថែមពីនេះ មន្ទីរក៏បានលើកទឹកចិត្តឱ្យមានការគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិ (Eco-tourism) ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងសុខុមាលភាពសង្គម ក្នុងគោលដៅរួមគ្នាឆ្ពោះទៅសម្រេចបាននូវ «អព្យាក្រឹតកាបូន» នៅឆ្នាំ២០៥០ ខាងមុខនេះ៕

You might also like