លោក Trump បញ្ជាក់ជាថ្មីថា អាមេរិកនឹងចេញពីអ៊ីរ៉ង់ «ឆាប់ៗ» ហើយនឹងត្រឡប់ទៅវិញបើចាំបាច់

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១ មេសា) ថា សហរដ្ឋអាមេរិកនឹង «ចេញពីអ៊ីរ៉ង់យ៉ាងឆាប់រហ័ស» ហើយអាចនឹងត្រឡប់ទៅវិញសម្រាប់ការ «វាយប្រហារចំគោលដៅយ៉ាងជាក់លាក់» ប្រសិនបើចាំបាច់។ ការលើកឡើងនេះបានធ្វើឡើងប៉ុន្មានម៉ោងមុនពេលលោកថ្លែងសុន្ទរកថាពិសេសទៅកាន់ប្រជាជាតិអំពីសង្គ្រាមអ៊ីរ៉ង់។
ស្របពេលដែលជម្លោះបានឈានចូលដល់សប្តាហ៍ទី៥ ហើយលោក Trump កំពុងស្ថិតក្រោមសម្ពាធក្នុងការស្វែងរកផ្លូវចេញខណៈតម្លៃសាំងកំពុងកើនឡើង ប្រធានាធិបតីរូបនេះបានថ្លែងសុន្ទរកថាដើម្បីផ្ដល់ភាពច្បាស់លាស់ដល់ពិភពលោកលើជំហានបន្ទាប់។
ក្នុងបទសម្ភាសន៍តាមទូរសព្ទជាមួយសារព័ត៌មានរ៉យទ័រ លោក Trump បានលើកឡើងថា ចំណុចមួយនៃសុន្ទរកថារបស់លោកគឺដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះអង្គការណាតូ ដែលលោកចាត់ទុកថា ខ្វះការគាំទ្រដល់គោលដៅរបស់អាមេរិកនៅអ៊ីរ៉ង់។ ការបែកបាក់រវាងប្លុកអាត្លង់ទិកក្នុងអាណត្តិទីពីររបស់លោក Trump កាន់តែរីកធំឡើង បន្ទាប់ពីសម្ព័ន្ធមិត្តអឺរ៉ុបបានបដិសេធសំណើរបស់លោក ក្នុងការជួយរក្សាសុវត្ថិភាពចរាចរណ៍ប្រេងតាមច្រកសមុទ្រហ័រមូស។
លោក Trump និងមន្ត្រីជាន់ខ្ពស់របស់លោក បានផ្ដល់នូវការប៉ាន់ស្មានពេលវេលាផ្សេងៗគ្នាសម្រាប់ការបញ្ចប់សង្គ្រាម។ កាលពីថ្ងៃអង្គារ លោកបាននិយាយថា សហរដ្ឋអាមេរិក អាចបញ្ចប់យុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ក្នុងពេលពី ២ ទៅ ៣ សប្តាហ៍។ ប៉ុន្តែក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រ លោកបានបដិសេធមិនផ្តល់ពេលវេលាជាក់លាក់ទេ ដោយគ្រាន់តែនិយាយថា «នឹងចេញទៅវិញឆាប់ៗ» ដោយបន្ថែមថា នៅពេលការដកទ័ពរបស់អាមេរិកបានសម្រេច «អាមេរិកនឹងត្រឡប់ទៅវិញដើម្បីធ្វើការវាយប្រហារចំគោលដៅ» លើអ៊ីរ៉ង់ តាមការចាំបាច់៕

You might also like