អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ ក្រុងសំពៅពូន អញ្ជើញមកយកប្លង់រឹង នៅការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងសំពៅពូន

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយកបានកម្មសិទ្ធិដីធ្លី(ប្លង់រឹង)របស់បងប្អូន នៅការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងសំពៅពូន។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០៩ភូមិ សរុបចំនួន ៤៦៨២បណ្ណ នៅភូមិជ្រោយស្នោ ភូមិព្រែកជ្រៃ ភូមិខ្នារតាំងយូ ភូមិព្រែកជ្រៃក្រៅ ភូមិខ្នាតាំងយូត្បូង ភូមិព្រែកទន្លា សង្កាត់ព្រែកជ្រៃ, ភូមិកំពង់ថ្កុល ភូមិកប៉ាល់គឿង និងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវវិវាទដីធ្លីខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅសាលាក្រុងសំពៅពូន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា ការផ្ដល់បានកម្មសិទ្ធិនៅពេលនេះ គឺផ្ដល់ជូនប្រជាពលរដ្ឋនៅកាយាល័យចាកចេញចូលតែមួយរបស់សាលាក្រុងសំពៅពូន ដោយត្រូវផ្ដល់បានកម្មសិទ្ធិទាំងនេះ ជូនប្រជាពលរដ្ឋរហូតអស់បណ្ណកម្មសិទ្ធិ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លីស្ថិតនៅភូមិខាងលើ សូមមកទទួលបានកម្មសិទ្ធិដីធ្លីនេះឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការផ្ដល់បណ្ណកម្មសិទ្ធិនៅការិយាល័យច្រកចេញចូលតែមួយនេះ គឺប្រជាពលរដ្ឋមិនតម្រូវឱ្យកាន់ឯកសាររត់ការទៅកន្លែងណាផ្សេងឡើយ គឺមកទទួលនូវការិយាល័យច្រកចេញចូលតែមួយ ហើយរាល់ឯកសារទាំងអស់ គឺមន្ត្រីជាអ្នកសម្របសម្រួល ធ្វើជូនប្រជាពលរដ្ឋដោយមិនគិតលុយឡើយ តែប្រជាពលរដ្ឋនៅតែមានកាតព្វកិច្ច ក្នុងការបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់រដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីសុរិយោដីទាំងអស់ ត្រូវធានាថារាល់បានកម្មសិទ្ធិទាំងអស់ ត្រូវបានផ្ដល់ជូនដល់ដៃម្ចាស់កម្មសិទ្ធិករបានគ្រប់ៗគ្នា ហើយមិនត្រូវរុញឯកសារឱ្យប្រជាពលរដ្ឋ ធ្វើការរត់ឯកសារដោយផ្ទាល់នោះទេ ហើយក្នុងករណីដែលមានមន្ត្រីឱ្យឯកសារទៅប្រជាពលរដ្ឋ ដើម្បីរត់ការ ឯកឧត្តមអភិបាលខេត្តកណ្ដាល សូមឱ្យប្រជាពលរដ្ឋរាយការណ៍ជូនលោកផ្ទាល់ ដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយ សូមគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ធ្វើឱ្យដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ធ្វើឱ្យដីធ្លីមានសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី។
ឯកឧត្ដម បានបញ្ចាក់បន្ថែមថា ក្រុងសំពៅពូន គឺជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកទាំង១៣ ផ្សេងទៀត ដែលបានបិទបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយរាល់ឯកសារទាំងអស់ដែលមិនមែនជាប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង) អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវទទួលស្គាល់នោះទេ មានតែប័ណ្ណកម្មសិទ្ធិដីធ្លីមួយមុខគត់ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការ លក់ ជួល ទេសាងសង់ និងធ្វើអ្វីផ្សេងៗទៀតបាន។ ហើយដីធ្លីដែលមិនទាន់មានបានកម្មសិទ្ធិ ចង់លក់ ជួល សាងសង់ ឬធ្វើអ្វីផ្សេងទៀត ត្រូវស្នើសុំចុះបញ្ជីដីធ្លីឡើងវិញ ទើបមានសិទ្ធិប្រើប្រាស់ដីនោះបាន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Scam online ព្រមទាំងស្នើដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងការផាកពិន័យ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា៕

You might also like