កម្លាំង CMAC ដោះបន្សាបគ្រាប់បែក ដែលថៃទម្លាក់ពីយន្តហោះ ប្រភេទ MK-82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាម ដោយជោគជ័យ

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងជំនាញអង្គភាព CMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម ប្រកបដោយជោគជ័យនិងសុវត្ថិភាព។
លោក ហេង រតនា បានបញ្ជាក់ឱ្យដឹងទៀតថា គ្រាប់បែក MK-82 នេះ បានកប់ក្នុងដីជម្រៅជាង១៣ម៉ែត្រ គ្រាប់បែកទម្លាក់ពីយន្តហោះ MK-82 ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems)និងបានកែសម្រួលបំពាក់បន្ថែម សម្ភារបច្ចេកទេស របស់ក្រុមហ៊ុនកូរ៉េខាងត្បូង HWG(Hanwha Corporation) និងបានទម្លាក់លើមាតុភូមិកម្ពុជា ដោយទ័ពអាកាសសៀមឈ្លានពាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៤រសៀល។
លោក ហេង រតនា ក៏បានកោតសរសើរចំពោះកម្លាំងជំនាញអង្គភាព CMAC ជួរមុខទាំងអស់ដែលបានចូលរួម លះបង់ និងធ្វើពលីកម្ម ក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការស្តារអភិវឌ្ឍន៍ឡើងវិញក្រោយមានបទឈប់បាញ់ ស្របតាមស្មារតីដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។
សូមរំលឹកនិងចងចាំថា ព្រះរាជាណាចក្រកម្ពុជាដ៏កំសត់នេះ ធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុននៃការទម្លាក់គ្រាប់បែក ពីយន្តហោះជាង១០ឆ្នាំពោលពី១០ មករា ឆ្នាំ១៩៦២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ មានបរិមាណគ្រាប់បែកប្រភេទMនិងMK សរុបចំនួនប្រមាណជាង១លាន២សែនគ្រាប់ (១.២០០.០០០គ្រាប់)៕

You might also like