ខ្លាំងមែន ក្រុមជួញដូរគ្រឿងញៀន ខេត្តតាកែវ បាញ់តដៃមកលើកម្លាំងនគរបាល ២នាក់របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើស បានចំនួន ៧នាក់

កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី បានសហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវ និងបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយចាប់ខ្លួនជនល្មើសសរុបចំនួន ០៧នាក់ ក្នុងនោះបានមេក្លោងធំម្នាក់ ដែលមានរហស្សនាម រាជ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងជាគ្រឿងញៀនមួយចំនួន ព្រមទាំងសម្ភារៈដូចជា កាំភ្លើងខ្លី ចំនួន ០៣ដើម, គ្រាប់កាំភ្លើង មួយចំនួន និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង។
ក្នុងកំឡុងពេលប្រតិបត្តិការជនល្មើស បានធ្វើការតដៃជាមួយសមត្ថកិច្ច បណ្ដាលឱ្យសម្ថតកិច្ចរងរបួសចំនួន២រូប ជាទម្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
ក្រុមជួញដូរគ្រឿងញៀន ដែលត្រូវបង្ក្រាបនេះ គឺមានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ ដែលធ្វើសកម្មភាព ជួញដូរគ្រឿងញៀន យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕

You might also like