បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សា
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១០៖ ០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កងរាជក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ប៉ា សំណាង ភេទប្រុស អាយុ៤០ឆ្នាំ ស្ដីពីករណីហិង្សា នៅចំណុចក្រោយរោងចក្រអូរនាង ស្ថិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យឈ្មោះ យ៉ាន់ សុឡា ភេទប្រុស អាយុ៣៣ឆ្នាំ ដែលបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះត្រូវចំខ្នងដៃខាងស្ដាំ(របួសធ្ងន់) ដេរចំនួន០៧ថ្នេរ។
ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ (១) ឈ្មោះ យ៉ាន់ សុឡា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (២) ឈ្មោះ គិត ស្រេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រួមទាំងដកហូតវត្ថុតាង កាំបិតចុងស្រួច ប្រវែង ៣៨សង់ទីម៉ែត្រ ចំនួន០១ដើម និងពូថៅដងដែក ប្រវែង៤២សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រេីហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារមានម្លោះក្នុងវង់ផឹកស៊ី។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕






