យុវជនម្នាក់ បើករថយន្តទាំងស្រវឹង ទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរបួស៦នាក់, ជនរងគ្រោះជាអ្នកបើក និងអ្នកបម្រើការងារនៅលើយន្តហោះ

(កណ្ដាល)៖ អ្នកបើកយន្តហោះ និងសហការីសរុប៦នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយយុវជនម្នាក់បើករថយន្តបំពានភ្លើងស្ដុបទាំងស្រវឹង ទៅបុករថយន្តរបស់ពួកគេពេញទំហឹង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភ្លើងស្តុបផ្លូវ៦០ម៉ែត្រ (មហាវិថីសម្តេចតេជោ) កែងផ្លូវ ៥០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹងថា នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក MG6 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-1226 បើកបរដោយឈ្មោះ ត្រៃ បូរី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បើកបរតាមផ្លូវ៥០ម៉ែត្រ មានទិសដៅពី លិចទៅកើត។
ពេលបើកមកដល់កន្លែងកើត យុវជនរូបនេះ មិនឈប់ភ្លើងស្តុបពណ៌ក្រហមទេ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក TOYOTA HAICE ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KH.K6.03 បើកបរដោយឈ្មោះ ក្រិច ពីឡូត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសស្រាល ខណៈអ្នករួមដំណើរស្រីប្រុសចំនួន៥នាក់ទៀតរងរបួសធ្ងន់ស្រាល។
អ្នកបើកយន្តហោះ និងអ្នកបម្រើការលើយន្តហោះ ដែលរងរបួសនោះរួមមាន៖
*ទី១៖ ឈ្មោះ NGUYEN DUC DUNG ភេទប្រុស អាយុ៤៣ឆ្នាំ របួសស្រាល
*ទី២៖ ឈ្មោះ បេត ដេវីដ ភេទប្រុស អាយុ២៤ឆ្នាំ របួសធ្ងន់ បាក់ឆ្អឹងដងកាំបិត។ ជនរងគ្រោះទាំងពីរជាភីឡុតបើកយន្តហោះ
*ទី៣៖ ឈ្មោះ សាំង សាំបូរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ
*ទី៤៖ ឈ្មោះ ពេជ្រ សុខខេង ភេទស្រី អាយុ២៩ឆ្នាំ
*ទី៥៖ ឈ្មោះ ពៅ គន្ធថាវនាថ ភេទស្រី អាយុ៣១ឆ្នាំ
*ទី៦៖ ឈ្មោះ សុខ ថនសេរីរចនា ភេទស្រី អាយុ៣០ឆ្នាំ។ ជនរងគ្រោះទាំង៤នាក់ ជាអ្នកបម្រើការលើយន្តហោះ និងស្នាក់នៅក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា តាមផ្លូវ206A សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំពោះរថយន្តទាំងពីរគ្រឿង រងការខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ក្រោយការចុះអន្តរាគមន៍ពិនិត្យវាស់វែង សមត្ថកិច្ចជំនាញបានដាក់សេចក្តីសន្និដ្ឋានបឋមថា ចំពោះមូលហេតុ គឺបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក MG 6 បើកបរមិនគោរពភ្លើងស្តុបពណ៌ក្រហម និងបើកបរមានកម្រិតជាតិអាកុលរហូត0,457mg/L៕

You might also like