ជនសង្ស័យជាឃាតករ ,លួច និងបង្កហិង្សាចំនួន២៧នាក់ បង្ក្រាបជាបន្តបន្ទាប់ នៅក្នុងរយៈពេល៤ថ្ងៃ ហើយយកទៅបង្ហាញមុខជាសាធារណៈ

ភ្នំពេញ ៖ ជនសង្ស័យជាឃាតករ ,លួច និងបង្កហិង្សាចំនួន២៧នាក់ (មានស្រី៣នាក់) រួមនិងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌចំនួន៦ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់នៅក្នុងរយៈពេល៤ថ្ងៃ ហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ។

តាមរបាយការណ៍នៅក្នុងការបង្ក្រាបបទល្មើសបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ជារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ,កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងអធិការខណ្ឌចំនួន៦បានធ្វើការ ស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន២៧នាក់នៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែមេសា មកដល់ថ្ងៃទី០៤ ខែ
មេសា ឆ្នាំ២០២៦ ។
ជនសង្ស័យទាំង២៧នាក់ ដែលបានឃាត់ខ្លួនបានប្រព្រឹត្តបទល្មើសចំនួន៨ករណីរួមមាន លួច០៤ករណីឃាត់ ០៤នាក់. មានសារធាតុញៀន០៤នាក់, ឃាតកម្ម ០១ករណីឃាត់០៦នាក់ (ដេញវាយស្លាប់មនុស្ស)មានសារធាតុញៀនទាំង០៦នាក់, ហិង្សា ដោយចេតនា០៣ករណី ឃាត់១៧នាក់មានសារធាតុញៀន០១នាក់ជាក្រុមក្មេងទំនើង។
តាមរបាយការណ៍បានអោយដឹងទៀតថា នៅក្នុងនោះ ១-ខណ្ឌ៧មករាបង្ក្រាបបានចោរលួច ០២ករណីឃាត់ជនសង្ស័យ ០២នាក់ មានសារធាតុញៀន, ២-ខណ្ឌពោធិសែនជ័យបង្ក្រាបបាន០១ករណី ឃាត់ជនសង្ស័យ០១នាក់ក្រុមក្មេងទំនើង, ៣-ខណ្ឌឬស្សីកែវបង្ក្រាបបាន០២ករណី ឃាត់ជនសង្ស័យ០២នាក់មានសារធាតុញៀន ៤-ខណ្ឌបឹងកេងកងបង្ក្រាបបាន០១ករណី ឃាត់ខ្លួនជនសង្ស័យ១៣នាក់ (ស្រី៣នាក់) ក្រុមក្មេងទំនើង,៥-ខណ្ឌចំការមនបង្ក្រាបបាន០១ករណី ឃាត់ខ្លួនជនសង្ស័យ០៣នាក់មានសារធាតុញៀន ០១នាក់ ក្រុមក្មេងទំនើងនិង ៦-ខណ្ឌព្រែកព្នៅបង្ក្រាបបាន០១ករណី ឃាតកម្ម(ដេញវាយស្លាប់មនុស្ស) ឃាត់ជនសង្ស័យ០៦នាក់មានសារធាតុញៀនក្រុម ក្មេងទំនើង(ក្រុមធីមការ៉ុតស្អុយKRS) ។ បន្ទាប់ពីបង្ហាញមុខជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌនៅតាមបណ្ដាខណ្ឌទាំង៦ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like