ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបច្ចុប្បន្ន ក្រោយបញ្ចប់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីរយៈពេល ៥ខែ នៅខេត្តបាត់ដំបង

នាថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពបច្ចុប្បន្នក្រោយបញ្ចប់គម្រោងរយៈពេល ៥ខែ នៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងបានផ្តល់អនុសាសន៍ណែនាំដល់តំណាងក្រុមហ៊ុនសាងសង់ ឱ្យរៀបចំអគារសហគមន៍ ម៉ាកែត តាំងពិព័រណ៍រូបថត និងដាំដើមឈើលម្អក្នុងបរិវេណអគារសហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្ដម ក៏បានណែនាំដល់មន្រ្តីតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យបន្តត្រួតពិនិត្យឧបករណ៍បរិក្ខារវាស់កម្ពស់ និងលំហូរទឹក ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង ព្រមទាំងយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ ថែរក្សាអនាម័យ និងបរិស្ថានជុំវិញបរិវេណទំនប់ទឹកជាប្រចាំ ដើម្បីធានាបាននូវសោភ័ណភាពល្អប្រសើរ។
សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២៥ ប្រើពេលសាងសង់ ៨៩ខែ គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការធានាសន្តិសុខទឹក ផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយគ្រោះទឹកជំនន់។ ទំនប់នេះមានសមត្ថភាពស្តុកទឹកប្រមាណ ១៦៣,១ លានម៉ែត្រគូប និងអាចស្រោចស្រពផ្ទៃដីកសិកម្ម ៣៣ ០០០ ហិកតានៅរដូវវស្សា និង ៤ ៥០០ ហិកតានៅរដូវប្រាំង ដែលជួយលើកកម្ពស់ជីវភាពប្រជាកសិកររាប់ពាន់គ្រួសារក្នុងស្រុករុក្ខគិរី ស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង។ ជាក់ស្តែង គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ កម្ពស់ទឹកក្នុងទំនប់សម្រេចបាន ៧៨,០៥ ម៉ែត្រ ដែលស្មើនឹងបរិមាណទឹកប្រមាណ ៥៨,៧ លានម៉ែត្រគូប៕

You might also like