ប្រតិបត្តិការស្រាវជ្រាវករណីចោរលួចរថយន្តមួយគ្រឿង នៅស្រុកពាមរក៏ រហូតតាមចាប់បានជនល្មើស តែត្រូវប្រជាពលរដ្ឋឡោមព័ទ្ធ មិនឲ្យយកជនល្មើសចេញ
(ព្រៃវែង)៖ កម្លាំងនគរបាលខេត្តព្រៃវែង បានបើកប្រតិបត្តិការស្រាវជ្រាវករណីចោរលួចរថយន្តមួយគ្រឿងនៅស្រុកពាមរក៏ រហូតតាមចាប់បានជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ប៉ុន្តែអ្វីដែលធ្វើឲ្យមានភ្ញាក់ផ្អើលនោះ គឺប្រជាពលរដ្ឋជាច្រើននាក់ បានឡោមព័ទ្ធ និងយករនាំងដែកមកព័ទ្ធរថយន្តរបស់កម្លាំងនគរបាល ដែលត្រៀមដឹកជនល្មើសចេញ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៤៖៣១នាទីទៀបភ្លឺថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦ មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។
ក្រោយទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះម្ចាស់ឡាន, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ។
តែពេលកម្លាំងនគរបាលចាប់ជនល្មើសដាក់ចូលរថយន្ត ដើម្បីដឹកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ស្រាប់តែប្រជាពលរដ្ឋមូលដ្ឋានជាច្រើន បានមកឡោមព័ទ្ធរថយន្តរបស់នគរបាលដែលដឹកជនល្មើស បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយនឹងបាតុភាពបែបនេះ, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ពីការខិតខំប្រឹងប្រែងតាមស្រាវជ្រាវចាប់ជនល្មើស មិនគួរបងប្អូនប្រជាពលរដ្ឋបែរជាធ្វើបែបនេះដាក់នគរបាលសោះ។
ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា «នគរបាលព្រៃវែងប្រឹងប្រែង ដាច់បាយដាច់ទឹកជិត២សប្តាហ៍ ទំរាំបង្ក្រាបបាន មិនគួរណាប្រជាជនមិនយល់ បែរជាធ្វើដាក់នគរបាលទាំងមិនយល់រឿងហេតុ។ ផ្លូវច្បាប់គឺខុស សីលធម៌ក៏កាន់តែខុស»។






