ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចាត់តំណាងចុះសួរសុខទុក្ខ និងជួបសំណេះសំណាលបងប្អូនកងទ័ពនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នាថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកងទ័ព នៅមូលដ្ឋានកងពលធំលេខ៣១ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសដ៏រំភើបស្និទ្ធស្នាលនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹកបំផុតពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ជូនដល់ឯកឧត្តមឧត្តមនាវីឯក នាយនាវី នាយនាវីរង និងពលនាវីទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម តែងតែរក្សាបាននូវចំណងសម្ព័ន្ធមេត្រីភាពយ៉ាងរឹងមាំជាមួយបញ្ជាការដ្ឋានការពារកោះឆ្នេរ ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្ដែងនូវកតញ្ញុតាធម៌ និងការកោតសរសើរដោយស្មោះចំពោះវីរភាពរបស់កងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានពាំនាំនូវពរជ័យសិរីសួស្ដីពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់បងប្អូនកងទ័ពទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសម្រេចបាននូវភារកិច្ចថ្មីៗបន្ថែមទៀតក្នុងឱកាសឆ្នាំថ្មី ឆ្នាំមមីនេះ៕






