មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដកំពង់ស្ពឺ តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា នៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹកស្អែកនេះ មនី្ទរវប្បធម៌ នឹងរៀបចំកម្មវិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ មានទីតាំងស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក បន្តថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពី ការប្រណាំងរទេះសាឡី គោលឿន ឆ្នាំ២០២៦ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿន ខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦។ ពិធីនេះប្រារព្ធឡើង ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំង រទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦នេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាដ៏ច្រើនកុះករ។
សូមបញ្ជាក់ផងដែរថា បើតាមការសិក្សាអំពីប្រវត្តិ នៃពិធីនេះ គឺដើមឡើយរទេះសាឡី គោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់៕






