ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថា ឈើដែលចាប់ បានប៉ុន្មានថ្ងៃនេះ មានប្រភពចេញពីដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី៖ កន្លងមកនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចេញប្រតិបត្តិការក្តៅគគុកបង្ក្រាបបទល្មើស នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយរឹបអូសបានឈើដែលអារួចជាច្រើនម៉ែត្រគូប។ មជ្ឈដ្ឋានខ្មែរទាំងក្នុងនិងក្រៅប្រទេសចង់ដឹងថា ឈើទាំងនោះមានប្រភពមកពីណា? ពិតណាស់ឈើដែលអារួចទាំងនោះមិនមែនមានប្រភពមកពីទីឆ្ងាយនោះឡើយ នេះបើយោងតាមប្រភពសារព័ត៌មានទើបទទួលបាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ។
លោកអនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបន្ទុកការងារដែនជម្រកសត្វព្រៃលោកឌិន ប៊ុនធឿន មិនឆ្លើយតបជាមួយបណ្ដាញសារព័ត៌មានពេញចិត្តមេឌានោះទេ ដោយលោកជាប់រវល់បើករថយន្តនៅរាជធានីភ្នំពេញ ហើយបង្វែរឲ្យសួរទៅលោកប្រធានមន្ទីរវិញ។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីមានប្រសាសន៍យ៉ាងខ្លីងាយយល់ថា “ឈើប្រហែលមានប្រភពចេញដែនជម្រកសត្វព្រៃកែវសីមា វត្ថុតាងនៅក្បែរភូមិ”។ បើយោងតាមប្រសាសន៍របស់លោកប្រធានមន្ទីរបញ្ជាក់ច្បាស់ថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃនៅតែកើតមានជាដដែល។ ក្រុមមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនបានការពារឈើដែលឈរនៅមានជីវិតនោះឡើយ។ ប៉ុន្តែបានត្រឹមរឹបអូសឈើដែលអារួចក្បែរចំការ ឬក្បែរផ្ទះអ្នកភូមិប៉ុណ្ណោះ។ នេះចាត់ ទុកជាជោគជ័យក្នុងការការពារឈើដែលអារួច ប៉ុន្តែមិន បានការពារឈើដែលនៅឈរនោះឡើយ។
ពាក់ព័ន្ធនឹងការប្រើប្រាស់មន្ត្រីនៅក្នុងមន្ទីរ ឯណោះវិញប្រភពនានាឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានក្រសួង បរិស្ថានបណ្ដេញចេញពីក្របខណ្ឌ កាលនៅធ្វើការជាឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះនោះ ពេលនេះត្រូវបានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បំពាក់ឯកសណ្ឋានជាឧទ្យានុរក្សយ៉ាងសង្ហា ប្រើឲ្យដើរធ្វើការពេញភូមិសាស្ត្រខេត្តមណ្ឌលគិរី។ នោះគឺលោកខៃ ធីតា អតីតមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ ត្រូវក្រសួង បរិស្ថានបណ្ដេញចេញពីការងារ កាលពីថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២២។
ពាក់ព័ន្ធនឹងវត្តមានបុរសឈ្មោះខៃ ធីតា ស្លៀកពាក់ជាឧទ្យានុរក្ស ដើរធ្វើការពេញព្រៃក្រោមឆ័ត្រ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនោះ លោកប្រធានមន្ទីរបានឆ្លើយតបយ៉ាងខ្លីថា” ក្នុងរង្វង់ខាងបរិស្ថាន”។ គេមិនដឹងថា តើសេចក្តីសម្រេចរបស់លោកសូ ខនឬទ្ធីគុណ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ មានតម្លៃដល់សព្វថ្ងៃនេះដែរឬយ៉ាងណា? ឬអំណាចរបស់លោកសូ ខនឬទ្ធីគុណ អស់ហើយ? ពីព្រោះតែលោក មកកាន់តំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ហើយនោះ?
នៅក្នុងរង្វង់ខាងបរិស្ថាន យ៉ាងណាក៏ដោយ មន្ត្រីជំនាញជាន់ខ្ពស់ នៃក្រសួងបរិស្ថានបានបញ្ជាក់ថា កុំថាឡើយ ជាមន្ត្រីជាប់កិច្ចសន្យា ឬជាឧទ្យានុរក្ស ការស្លៀកពាក់បែបនេះ (ស្លៀកពាក់របៀបលោកខៃ ធីតា ដូចក្នុងរូប ភាព) គឺខុសច្បាប់ទាំងស្រុង។ តាមមន្ត្រីខាងលើក្រសួងនឹងចាត់វិធានការស៊ើបអង្កេតចំពោះករណីបុគ្គល ខៃ ធីតា នេះឲ្យបានច្បាស់លាស់។
ពាក់ព័ន្ធ នឹងបញ្ហាវិនាសកម្មនៃការកាប់បំផ្លាញព្រៃឈើឯណោះវិញ តាមរយៈរូបភាពដែលមន្ទីរបរិស្ថានខេត្ត មណ្ឌលគីរី បានបង្ហាញគឺបញ្ជាក់ច្បាស់ថា បទល្មើសនៃការកាប់បំផ្លាញព្រៃឈើ នៅតែបន្តកើតមានជាធម្មតា ក្នុងដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគីរី៕

You might also like