រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន និងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីត្រៀមអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) របស់អតីតពលករមកពីថៃឱ្យមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយក្រុមហ៊ុនសំណង់ និងសមាគមអ្នកសាងសង់កម្ពុជាប្រមាណ ៣០ ស្តីពី «ការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន» នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សានិងធ្វើជាសាក្សីលើការអនុវត្តកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ឱ្យមានប្រសិទ្ធភាព និងពង្រីកការអនុវត្តឱ្យបានទូលំទូលាយស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាដើម្បីទស្សនា និងអង្កេតការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធី RPL នៅទីតាំងផ្ទាល់នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន សមាគមអ្នកសាងសង់កម្ពុជា តំណាងអ្នកអភិវឌ្ឍន៍វិស័យសំណង់ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ពីគោលដៅកម្មវិធី RPL គឺដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងបំប្លែងបទពិសោធការងារទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសសម្រាប់វាយតម្លៃអតីតពលករមកពីប្រទេសថៃក្នុងជំហានទី១ ចំនួន ១ ម៉ឺននាក់។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការរៀបចំការធ្វើតេស្ត RPL ជូនដល់បងប្អូនអតីតពលករមកពីថៃដោយឥតគិតថ្លៃនេះធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់ ដែលបងប្អូនអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារល្អនិងប្រាក់ចំណូលខ្ពស់ជាងមុន។ ការធ្វើតេស្តក្នុងជំហានទី១ នេះគឺនឹងធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមរាជធានី-ខេត្ដគោលដៅចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្ដបាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ និងខេត្តស្វាយរៀង ដោយឯកឧត្តមសង្កត់ធ្ងន់ថា បើជំហានទី ១នេះទទួលជោគជ័យ ក្រសួងនឹងបន្តកម្មវិធីនេះទៅជំហានទី ២ទៀត ដែលក៏នឹងផ្តោតលើកម្លាំងកម្មករក្នុងស្រុកផងដែរ។
ជាមួយនឹងការគាំទ្រគំនិតផ្តួចផ្តើម និងបន្ទាប់ពីបានទស្សនាការដាក់ឱ្យអនុវត្តកម្មវិធី RPL សាកល្បងនេះ អង្គប្រជុំបានពិភាក្សានិងផ្ដល់មតិយោបល់យ៉ាងផុសផុលលើការអនុវត្តកម្មវិធីនេះ ដោយឯកឧត្តមរដ្ឋមន្រ្តីបានសង្ឃឹមយ៉ាងមុតមាំថា ធាតុចូលដ៏មានតម្លៃទាំងនេះនឹងជួយធ្វើឱ្យការអនុវត្តកម្មវិធីនេះមានប្រសិទ្ធភាព និងជួយពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនលើការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែប្រសើរ ដែលធ្វើឱ្យមានការជឿជាក់ថា ការធ្វើតេស្តនេះ «ពិតជាត្រឹមត្រូវ និងអាចជ្រើសរើសបេក្ខជនប្រកបដោយសមត្ថភាពពិតប្រាកដមែន»។
ដើម្បីឱ្យការអនុវត្តទទួលជោគជ័យ ស្របតាមផែនការប្រកបដោយគុណភាព និងប្រសិទ្ធភាព ឯកឧត្តម ហេង សួរ បានណែនាំឱ្យអង្គភាពគ្រប់គ្រងគម្រោងបន្តតាមដានផែនការ និងជំរុញការអនុវត្តឱ្យស្របតាមយន្តការដែលបានកំណត់ ដោយណែនាំឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលស្គាល់ និងប្រើ RPL ជាមូលដ្ឋានក្នុងការជ្រើសរើស និងកំណត់ប្រាក់ឈ្នួល បើកឱកាសការងារដល់អតីតពលករពីថៃ និងអនុញ្ញាតឱ្យវិស្វករ និងបុគ្គលិកបច្ចេកទេសចូលរួមបណ្តុះបណ្តាលដើម្បីក្លាយទៅជាអ្នកវាយតម្លៃ (Assessor) ។ ចំពោះគ្រឹះស្ថាន និងមន្ត្រីអនុវត្ត ត្រូវវាយតម្លៃតាមស្តង់ដាបច្ចេកទេស និងថែរក្សាតម្លៃ RPL, ពង្រីកការផ្សព្វផ្សាយ RPL ទៅតំបន់ជនបទ និងព្រំដែន។
ការធ្វើតេស្ត RPL ផ្តល់នូវឱកាសដល់បុគ្គលដែលកំពុងបម្រើការងារ និងអ្នកមានជំនាញដែលមិនទាន់មានការងារឱ្យទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគាត់។ សម្រាប់អតីតពលករមកពីប្រទេសថៃ នឹងទទួលបានការស្គាល់សមត្ថភាព ឱកាសការងារ ចំណេញពេលវេលា និងថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងបង្កើនជំនឿចិត្តលើខ្លួនឯង ក៏ដូចជាជំរុញការសិក្សាពេញមួយជីវិត។ រីឯ អ្នកវិនិយោគវិញនឹងបានយល់ដឹងពីកម្រិតជំនាញបុគ្គលិកភ្លាមៗ កាត់បន្ថយចំណាយលើការបណ្តុះបណ្តាល ធានាស្តង់ដា និងគុណភាព និងបង្កើនទំនុកចិត្តវិនិយោគ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករដែលមានជំនាញស្តង់ដា។
សូមបញ្ជាក់ថា ជំនាញទាំង ៨នោះរួមមាន៖ (១) ការងារកំបោរ (រៀបឥដ្ឋនិងបូក), (២) ការងារការ៉ូ, (៣) ការដំឡើងពុម្ព, (៤) ការដំឡើងបណ្តាញបំពង់ទឹក, (៥) ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, (៦) ការងាររន្ទា, (៧) ការដំឡើងសរសៃដែក និង (៨) ការផ្សារអគ្គិសនី៕






