អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ពីមូលហេតុនៃការបន្ថយឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ទោ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ដល់លោក គង់ វុទ្ធី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
(ភ្នំពេញ)៖ លោកបណ្ឌិត ទូច សុឃៈ (សុខ:) អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ ពីមូលហេតុនៃការបន្ថយឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមការងារជំនាញនៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវរកឃើញថាលោក គង់ វុទ្ធី ទទួលការពឹងពាក់ពីអ្នកដទៃ ជាប្រាក់សម្រាប់បំពេញការងារ តែធ្វើមិនបានជោគជ័យ និងគេចវេចមិនប្រគល់ថវិកាត្រឡប់ទៅអ្នកពឹងពាក់វិញ។
លោកបណ្ឌិត ទូច សុឃៈ បានបន្តថា ក្រុមការងារជំនាញបានរកឃើញថា លោក គង់ វុទ្ធី ប្រើប្រាស់ឋានៈ និងសិទ្ធិអំណាចក្នុងក្របខ័ណ្ឌរដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាពិសេសលោក គង់ វុទ្ធី មកបំពេញការងារមិនទៀងទាត់ ហើយអវត្តមានលើសពី៨ថ្ងៃឡើងលើ ដែលមិនមានច្បាប់ទម្លាប់ និងមិនមានមូលហេតុត្រឹមត្រូវ។
លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា លោក គង់ វុទ្ធី មិនមានការសហការល្អប្រសើរនោះទេ ជាមួយក្រុមប្រឹក្សាវិន័យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ ពោលគឺការកោះលើកទី២ និងលើកទី៣ លោក គង់ វុទ្ធី មិនចូលខ្លួន ព្រមទាំងគ្មានមូលហេតុត្រឹមត្រូវ និងសមស្រមដែលអាចទទួលយកបាន។
លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កន្លងទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្លាប់ផ្អាកការងារលោក គង់ វុទ្ធី ជាបណ្តោះអាសន្ន មុននឹងឈានទៅដល់នីតិវិធីរហូតបន្ថយឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ទោ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី។ បន្ថែមពីនេះក្រុមការងារជំនាញនឹងរៀបចំនីតិវិធីជាបន្តបន្ទាប់ទៀត លើលោក គង់ វុទ្ធី ដើម្បីបើកផ្លូវឱ្យតុលាការអនុវត្តតាមច្បាប់ជាធរមាន។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានបន្ថយឋានន្តរស័ក្តិ លោក គង់ វុទ្ធី អត្តលេខ ០៩៨៤១ ពីឧត្តមសេនីយ៍ទោ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
សូមជម្រាបថា លោក គង់ វុទ្ធី ធ្លាប់ត្រូវបានក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានហៅលោក គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទៅសួរនាំ ដើម្បីស្រាវជ្រាវលើករណី ដែលមហាជនចោទថា បានទទួលប្រាក់ពីជនបរទេស កាលពីអំឡុងចុងខែតុលា ឆ្នាំ២០២៥។ ក្នុងសំណុំរឿងនេះ លោក គង់ វុទ្ធី ត្រូវបានចោទប្រកាន់ថា បានទទួលប្រាក់ចំនួនលុយ២លានដុល្លារ រត់ការឱ្យជនបរទេសតែមិនបានសម្រេច ហើយក៏មិនព្រម ប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។
ចាប់តាំងពីថ្ងៃកោះហៅ លោក គង់ វុទ្ធី ទៅសួរនាំនោះ ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏មិនបានបង្ហាញលទ្ធផលស្រាវជ្រាវជាសាធារណៈដែរ។ យ៉ាងណា យោងតាមព្រះរាជក្រឹត្របន្ថយឋានន្តរសក្ដិមន្ត្រីផ្កាយពីររូបនេះ ទំនងសាធារណជន អាចសន្និដ្ឋានការពិតបាន៕






