ព័ត៌មានលំអិត! បុរសជាប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ព្រោះតែភ្លើងប្រចណ្ឌ បន្ទាប់ពីរៀបការបានមួយខែ
ខេត្តកំពង់ចាម ៖ ដោយសារតែភ្លើងប្រចណ្ឌ បុរសម្នាក់ជាអតីតប្ដីបានយកកាំភ្លើងខ្លី១ដើមមកបាញ់ប្រហារលើប្រពន្ធរបស់ខ្លួននៅតូបលក់ដូរគ្រឿងទេស បង្កឲ្យមាន ការភ្ញាក់ផ្អើលដល់អាជីវករលក់ដូរពេញផ្សារតែម្ដង ។ ហេតុការណ៍នេះកើតឡើងនៅ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្នុងផ្សារស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រោយពីបាញ់ប្រហារប្រពន្ធរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាមបុរសជាប្ដីបានបាញ់សម្លាប់ខ្លួនធ្វើអត្តឃាតតាមក្រោយស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម ភ្លាមៗនោះ ត្រូវបានកម្លាំងនគរបាលចុះមកដល់កន្លែងកើតហេតុ ធ្វើការហ៊ុមព័ទ្ធដើម្បីធ្វើកោសល្យវិច័យ ។
ជនសង្ស័យឈ្មោះ ឌុច សុជាតិ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ ក្រុងភ្នំពេញ បានយកអាវុធខ្លីម៉ាកPATA.បាញ់ទៅលើប្រពន្ធឈ្មោះ ណាំ សារីម ៤២ឆ្នាំ រស់នៅភូមិ-ឃុំស្រង៉ែ ស្រុកព្រៃឈរ ដែលកំពុងតែលក់ដូរក្នុងផ្សារ និងបាញ់សម្លាប់ខ្លួនឯងសរុបអស់ចំនួន០៥គ្រាប់ ។
អធិការនគរបាលស្រុកជើងព្រៃប្រាប់ថា ស្ត្រីរងគ្រោះជាមេម៉ាយកូន១ ហើយបុរសនេះបានមកចូលស្ដីដណ្ដឹងតាមប្រពៃណីការមិនទាន់បាន១ឆ្នាំនៅឡើយ គិតរហូតមកដល់ពេលកើតហេតុ ។ នៅក្នុងហេតុការណ៍អំពើបាញ់ប្រហារនេះ ដំបូងគេបានឃើញបុរសជាប្ដីដើរមកតម្រង់តូបលក់ដូររបស់ប្រពន្ធ រួចទាញកាំភ្លើងខ្លីបាញ់មកលើប្រពន្ធទាំងកម្រោល ហើយក៏បានយកកាំភ្លើងខ្លីនោះ បាញ់ខ្លួនឯងធ្វើអត្តឃាតតាមក្រោយបញ្ចប់ជីវិតស្លាប់ក្នុងថ្លុកឈាមនៅកន្លែងតូបលក់ដូរជាមួយគ្នា ។
អាជីវករលក់ដូរនៅផ្សារស្គន់វិញបានប្រាប់ថា គេបានឮសូរសំឡេងគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់នៅក្នុងផ្សារ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលឆោឡោធ្វើឲ្យអាជីវករលក់ដូរទាំងប្រុសទាំងស្រីបាននាំគ្នារត់មកមើលកន្លែងតូបលក់ដូរកន្លែងកើតហេតុ បានឃើញប្ដីប្រពន្ធពីរនាក់ដេកស្លាប់ក្នុងថ្លុកឈាម ។
ក្រោយកើតហេតុ កម្លាំងសន្តិសុខផ្សាររាយការណ៍ជូនប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានរួចរាយការណ៍បន្តទៅលោកអធិការនគរបាលស្រុកជើងព្រៃ បានចាត់ឱ្យកម្លាំងជំនាញបច្ចេកទេសរបស់ស្រុក សហការជាមួយមន្ទីរ ពេទ្យបង្អែកស្រុកជើងព្រៃ ដើម្បីធ្វើកោសល្យវិច័យសាកសព។
សមត្ថកិច្ចបានបញ្ជាក់ថា សាកសពស្ត្រីជាប្រពន្ធត្រូវបានសាច់ញាតិយកមកធ្វើបុណ្យនៅស្រុកកំណើតក្នុងស្រុកព្រៃឈរ ចំណែកបុរសជាប្ដីក្លាយជាឃាតករនោះ ត្រូវបានរៀបចំធ្វើបុណ្យនៅកន្លែងផ្សេង តែមិនបានបញ្ជាក់ទីតាំងត្រង់ចំណុចណាមួយនៅឡើយទេគិតមករហូតដល់ល្ងាចថ្ងៃទី៧ មេសា នេះ ។
ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយកូន១ ចំណែកបុរសជាប្ដីពោះម៉ាយកូនមួយ ដោយបានរៀបការនៅខែកុម្ភៈ ឆ្នាំ២០២៦ បានរយៈពេលតែ១ខែប៉ុណ្ណោះ ក៏លែងគ្នា បុរសជាប្ដី សូម្បីតែឃើញសាច់ញាតិប្រុសខាងស្រីក៏កើតរោគប្រចណ្ឌដែរ ។ នៅក្នុងអំពើបាញ់ប្រហារនេះ ស្ត្រីជាប្រពន្ធត្រូវ៣គ្រាប់ ចំណែកបុរសជាប្ដីត្រូវមួយគ្រាប់ចំក្បាលបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម៕






