ករណីហឹង្សាវាយ និងចាក់គ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅមុខវត្តស្ទឹងមានជ័យ
ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗក្រោយ មានជនសង្ស័យ២នាក់ ប្រដាប់ដោយដំបងនិងកាំបិតដេញវាយនិងចាក់ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលកាលពី យប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ចំណុខមុខវត្តស្ទឹងមានជ័យ ស្ថិតនៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ដើរតាមបណ្តោយផ្លូវ២១៧ ពីស្ពាន អាកាសស្ទឹងមានជ័យឆ្ពោះទៅវត្តស្ទឹងមានជ័យ ខណះពេលដើមកដល់ចំណុចកើតហេតុនេះមិនដឹងថាមានទំនាស់ឬក៏គំនុំនោះទេ ស្រាប់តែគេឃើញមានជនសង្ស័យ២នាក់ប្រដាប់ដោយដំបងនិងកាំបិត ដេញវាយនិងចាក់ជនរងគ្រោះបណ្តាលឲ្យរងរបួសត្រង់ចង្កេះនិងក្បាលយ៉ាងធ្ងន់ធ្ងរ ហើយជនសង្ស័យទាំង២នាក់នោះបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅកូនកាំបិតចុងស្រួច១នៅកន្លែងកើតហេតុផងដែរ។
ប្រជាពលរដ្ឋនៅក្បែរខាងបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ ពេលមកដល់ឃើញជនរងគ្រោះសភាពធ្ងន់ធ្ងរបានទាក់ទងទៅរថយន្តសាមុយឱ្យមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សុីភ្លាមៗផងដែរ ចំណែកជនដៃដល់ សមត្ថកិច្ចនឹងធ្វើការស្រាវស្រាវនៅពេលក្រោយដើម្បីឃាត់ខ្លួនយកមកចាត់ការតាមច្បាប់៕






