អ៊ីរ៉ង់បានឱ្យដឹងថា ការចរចាសន្តិភាព នឹងមិនសមហេតុផលទេ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់

អ៊ីស្រាអែលបានបាញ់ស្រោចលើប្រទេសលីបង់ក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនកាលពីថ្ងៃពុធ ៨ មេសា ដោយបានសម្លាប់មនុស្សជិត១០០នាក់ និងទទួលបានការគំរាមសងសឹកពីអ៊ីរ៉ង់ ដែលបានបង្ហាញថានឹងមិនសមហេតុផលទេ ក្នុងការបន្តការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ជាមួយសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់លោក Rakan Nasreddine បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស៨៩នាក់ និង៧២២នាក់រងរបួស ហើយចំនួនអ្នកស្លាប់អាចបន្តកើនឡើងទៀតខណៈការវាយប្រហារនៅតែបន្ត។
ការព្រមានពីអ្នកចរចាឈានមុខគេរបស់អ៊ីរ៉ង់ គឺប្រធានសភាលោក Mohammed Bager Qalibaf បានបង្ហាញឱ្យឃើញពីភាពមិនច្បាស់លាស់នៅតែមានក្នុងតំបន់នេះ បន្ទាប់ពីការប្រកាសបទឈប់បាញ់កាលពីថ្ងៃអង្គារ ៧មេសាសប្ដាហ៍នេះ ដោយប្រធានាធិបតី Donald Trump។ ភាគីទាំងពីរបានដាក់ចេញនូវរបៀបវារៈផ្ទុយគ្នាយ៉ាងខ្លាំងសម្រាប់ការចរចាសន្តិភាពដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ខាងមុខ ប៉ុន្តែគេមិនច្បាស់ថាតើបទឈប់បាញ់រយៈពេលពីរសប្តាហ៍នឹងអាចបន្តបានរហូតដល់ពេលនោះឬអត់នោះទេ។
លោក Qalibaf បាននិយាយថា អ៊ីស្រាអែលបានរំលោភលើលក្ខខណ្ឌជាច្រើននៃបទឈប់បាញ់នោះរួចហើយ ដោយបង្កើនសង្គ្រាមស្របគ្នារបស់ខ្លួនប្រឆាំងនឹងកងជីវពលហេសបូឡា(Hezbollah) ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិកបានរំលោភលើកិច្ចព្រមព្រៀងដោយទទូចឱ្យអ៊ីរ៉ង់បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងស្ថានភាពបែបនេះ បទឈប់បាញ់ទ្វេភាគី ឬការចរចាគឺមិនសមហេតុផលទេ។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក សុទ្ធតែបាននិយាយថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍នេះពុំបានគ្របដណ្តប់លើប្រទេសលីបង់ទេ ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារនឹងបន្ត៕

You might also like