សម្តេចធិបតី សូមអរគុណប្រធានាធិបតីបារាំង ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន ជាពិសេសការរៀបចំតម្លើងកម្រិតទំនាក់ទំនង «ភាពជាដៃគូរយុទ្ធសាស្ត្រ» នៅពេលឆាប់ៗខាងមុខ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមអរគុណលោកប្រធានាធិបតីបារាំង Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណង មិត្តភាពទ្វេភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសការរៀបចំតម្លើងកម្រិត នៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រ – Strategic Partnership» នៅពេលឆាប់ៗខាងមុខ។
នេះជាសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលដែលសម្តេច និងគណៈប្រតិភូ បានវិលមកដល់មាតុភូមិវិញនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចរង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីមកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយ ភាសាបារាំងលើកទី២០ (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។






