អភិបាលខេត្តកំពង់ស្ពឺ ណែនាំអភិបាលស្រុកឱរ៉ាល់ថ្មី បង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារ ដើម្បីឆ្លើយតបរាល់តម្រូវការរបស់ពលរដ្ឋ

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់អភិបាលស្រុកឱរ៉ាល់ដែលទើបប្រកាសតែងតាំងថ្មី បង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពនូវរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេសលុបបំបាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗដែលកើតមាន ពិសេសគឺល្បែងឆបោកតាមអនឡាញ(Scams online) ការចរាចរណ៍គ្រឿងញៀននិងក្មេងទំនើង។
ការក្រើនណែនាំដូច្នេះធ្វើឡើង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសតែងតាំងលោក នី នរៈ ពីអភិបាលរងស្រុកសាមគ្គីមុនីជ័យ ជាអភិបាលស្រុកឱរ៉ាល់ ជំនួសលោក ងួន វាសនា ដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចថ្មី។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរត្រូវតែចុះជាប់និងតាមដានរាល់សំណើរ សំណូមពរនិងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ហើយក្នុងករណីទទួលបាននូវសំណើរ សំណូមពរ និងតម្រូវការរបស់ពលរដ្ឋ ក្នុងនាមជាមន្ត្រី ជាអាជ្ញាធរគឺត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ហើយក្នុងករណីមិនអាចដោះស្រាយបានត្រូវដាក់រាល់សំណើរនិងសំណូមពរទាំងនោះមករដ្ឋបាលខេត្តដើម្បីពិនិត្យនិងដោះស្រាយបន្ត។
រាល់ការផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ក្នុងនោះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័នទៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានព្រមានចាត់វិធានការចំពោះមន្ត្រី ឬអភិបាលស្រុករូបណាដែលមកបំពេញការងារនៅក្នុងខេត្តនេះដោយអាងខ្នង ឬខ្សែ ហើយមិនបម្រើផលប្រយោជន៍រាស្ត្រ។ក្នុងនាមជាមន្ត្រីសាធារណៈគឺ ជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនៃរាស្ត្រនោះទេ ពោលគឺមន្ត្រីកុំតាំងខ្លួនជាមេ ដោយសំអាងថា ខ្លួនបានមកកាន់តួនាទី ឬតំណែងនៅទីនេះដោយសារតែមានខ្សែចៅហ្វាយខេត្ត ឬខ្នងធំនោះឡើយ។ ឯកឧត្តម មិនគាំទ្រចំពោះចរិកមន្ត្រីដែលតាំងខ្លួនបែបនេះនោះទេ៕

You might also like