ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស សាធារណរដ្ឋបារាំង

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រតិភូ បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស (Institut Pasteur, Paris) សាធារណរដ្ឋបារាំង, កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
គណៈប្រតិភូបានទទួលការស្វាគមន៍ ដោយលោក អ៊ីវ សាំងហ្សួរ (M. Yves Saint-Geours) ប្រធានក្រុមប្រឹក្សាភិបាល លោកស្រីសាស្ត្រាចារ្យ យ៉ាសមីន បែលកេដ (Pr Yasmine BELKAID) អគ្គនាយិកា និង លោកស្រី អូដែត តូម៉េសគុយអាត់តូ (Mme Odette Tomescu-Hatto) ទទួលទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រ ទីក្រុងប៉ារីស រួមទាំងសហការី និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំវិទ្យាស្ថានប៉ាស្ទ័រ ដែលបានរៀបចំការទទួលស្វាគមន៍គណៈប្រតិភូសុខាភិបាលយ៉ាងកក់ក្តៅ និងប្រកបដោយសហភាតរភាពយ៉ាងជ្រាលជ្រៅ។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណវិទ្យាស្ថានប៉ាស្ទ័រប៉ារីសដែលបានខិតខំ និងកំពង់បន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា តាមរយៈវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ចូលរួមជាមួយសុខាភិបាលកម្ពុជាទប់ស្កាត់ បង្ការ ស្រាវជ្រាវរួមគ្នាលើផ្នែកជាច្រើន ពិសេសលើផ្នែកជំងឺឆ្លង ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស គម្រោងសិក្សាស្រាវជ្រាវ និងទំនើបកម្មមន្ទីរពិសោធន៍កម្រិតស្តង់ដារសាកល។
ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប៉ាស្ទ័រ ទីក្រុងប៉ារីស បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សហភាតរសុខាភិបាល ដែលតែងតែសហការគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើការងារនានា ពិសេសការងារសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងប្តេជ្ញាសហការគាំទ្រលើកម្មវិធីសុខភាពតែមួយ (One Health) ដែលកម្ពុជាបាន និងកំពុងដើរតួជាប្រទេសគំរូ៕

You might also like