ទេសរដ្ឋមន្ត្រី អ៊ី ឈាន ជួបសំណេះសំណាល និងផ្តល់អំណោយលើកទឹកចិត្តដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅទូទាំងខេត្តប៉ៃលិន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

(ប៉ៃលិន)៖ ទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ខេត្តប៉ៃលិន រួមជាមួយក្រុមការងារ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ នាំយកសម្ភារៈស្បៀងអាហារ និងថវិកាផ្តល់ជូនមេភូមិ អនុភូមិ និងប្រជាការពារភូមិទូទាំងខេត្ត ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ នាពេលខាងមុខ។ ពីព្រោះកន្លងមកគ្រប់ កាលៈទេសៈប្រទេសជាតិ ជួបបញ្ហាមានសង្គ្រាមឈ្លានពាន អាជ្ញាធរជាតួអង្គដ៏សំខាន់ ដែលបានចូលរួមសហការជាមួយកងកម្លាំងជួរមុខ ក្នុងការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតាមខ្សែបន្ទាត់ព្រំ។
ទេសរដ្ឋមន្ត្រី អ៉ី ឈាន បានលើកឡើងថា ប្រជាការពារភូមិ គឺមានភារកិច្ចការពារ សន្តិសុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅប្រកបដោយក្តីសុខសប្បាយរីករាយ គ្មានប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាតនូវរាល់បទល្មើសផ្សេងៗ មានដូចជា៖ អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀន ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារអាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ចនគរបាលនោះទេ ពោលគឺកម្លាំងប្រជាការពារអាចធ្វើ កិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងកម្លាំងជួរមុខ ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅតាមបន្ទាត់ព្រំដែន និងក្នុងមូលដ្ឋានរបស់ខ្លួន។
ទេសរដ្ឋមន្ត្រី អ៉ី ឈាន បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ មានស្ថិរភាព រឹងមាំកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ, ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈភាពចាំបាច់នានា នៅតែជាបញ្ហា អាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូបនិងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។
នៅក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី អ៉ី ឈាន ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយកម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយ អាជ្ញាធរដែនដី ធ្វើឱ្យភូមិ ឃុំសង្កាត់ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រកបដោយសុវត្ថិភាព ជាពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕

You might also like