នារីក្មេងទំនើង ២ក្រុម វាយតប់គ្នា នៅសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ ត្រូវបានស្នងការនគរបាលខេត្ត នាំយកមកធ្វើកិច្ចសន្យាអប់រំ
(ត្បូងឃ្មុំ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នគរបាលខេត្ត បានឃាត់ខ្លួនក្រុមនារីក្មេងទំនើង ចំនួន ២ក្រុម ដែលបានប្រតាយប្រតប់គ្នា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី នៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះធ្វើការស្រាវជ្រាវ និងនាំខ្លួនមនុស្ស២ក្រុម ចំនួន០៧នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ ហើយពួកគាត់បានឆ្លើយសារភាពថា ពិតជាបានប្រតាយប្រតបគ្នា នៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពិតមែន។
លោកឧត្តមសេនីយ៍ទោ ចិន នី ក៏បានផ្ញើសារទៅយុវជនយុវនារី សូមកុំប្រពឹត្តអំពើដែលមិនគប្បីសង្គមស្អប់ខ្ពើម ត្រូវកែខ្លួនឡើងវិញដើម្បីគ្រួសារនិងសង្គមជាតិយើង ដោយមានចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ស្នងការ បានឲ្យសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យាអប់រំ និងបានក្រុមគ្រួសារ មកធានាឲ្យត្រឡប់ទៅមូលដ្ឋានវិញ៕






