ក្មេងប្រុសជំទង់ម្នាក់ ត្រូវទឹកស្ទឹងនៅរមណីយដ្ឋាន«ថ្មដាចម្ការទុរេន» ស្ថិតក្នុងទឹកដី ឃុំស៊ុង ស្រុកសំឡូត ឆក់យកជីវិតយ៉ាងសោកសៅ
ខេត្តបាត់ដំបង ៖ ក្មេងប្រុសជំទង់ម្នាក់ ត្រូវទឹកស្ទឹងនៅរមណីយដ្ឋាន«ថ្មដាចម្ការទុរេន» ដែលស្ថិតក្នុងទឹកដី ឃុំស៊ុង ស្រុកសំឡូត ឆក់យកជីវិតយ៉ាងសោកសៅ នៅរសៀលថ្ងៃទី១៧ មេសា គឺក្រោយមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល០៣ថ្ងៃ ត្រូវបានបិទបញ្ចប់។
របាយការណ៍មន្ត្រីមូលដ្ឋានបានឲ្យដឹងថា យុវជនដែលជួបគ្រោះថ្នាកអកុសលនោះឈ្មោះ ហ៊ឹម សំណាង អាយុ១៥ឆ្នាំ រស់នៅភូមិដូង ឃុំមោង ស្រុកមោងប្ញស្សី។ យុវជនរួបនេះបានលង់ទឹកស្ទឹងស្លាប់នៅក្នុងតំបន់រមណីយដ្ឋាន«ថ្មដាចម្ការទុរេន» ពេលកំពុងលហែលលែងសប្បាយជាមួយមិត្តភក្ដិជាច្រើននាក់ រួមជាមួយនឹងមនុស្សរាប់រយនាក់ទៀត ដែលទៅកម្សាន្តនៅទីនោះផង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា យុវជនរងគ្រោះនោះ ជាមួយនឹងមិត្តភក្ដិប៉ុន្មានទៀត បានចុះហែលទឹកស្ទឹងនៅក្នុងរមណីយដ្ឋានខាងលើ ។ ពេលនោះ គេមិនឃើញជនរងគ្រោះពាក់ «អាវពោង» ការពារសុវត្ថិភាព ដូចគេឯងទេ សូម្បីតែខោជើងវែងក៏មិនដោះទុកដែរ។ ប្រភពបានបន្តថា ពួកគេបាននាំគ្នាហែលទៅកាន់កន្លែងទឹកជ្រៅ លុះពេលកំពុងហែលលែងយ៉ាងសប្បាយជាមួយមិត្តភក្ដិ និងមនុស្សរាប់សិបនាក់ទៀត ស្រាប់តែមានការផ្អើលពេញទឹកស្ទឹង ព្រោះបាត់ជនរងគ្រោះ ។
គ្រានោះអ្នកហែលទឹកជាច្រើន បានជួយមុជរាវរកជនរងគ្រោះ លុះបន្តិចក្រោយមក ក៏រកឃើញ ហើយបាននាំគ្នាសែងជនរងគ្រោះឡើងលើគោក ដើម្បីរកវិធីសង្គ្រោះបឋម តែអកុសលការប្រឹងប្រែងរបស់មិត្តភក្ដិ និងអ្នកលេងទឹកនៅទីនោះ មិនអាចជួយជនរងគ្រោះបានឡើយ ។
អធិការស្រុកសំឡូត លោក ម៉ែន រីម បានប្រាប់ថា ក្នុងស្ថានភាពដែលមិនអាចជួយសង្គ្រោះជនរងគ្រោះ នៅចំណុចកើតហេតុបាន ភ្លាមៗនោះ សមត្ថកិច្ចនិងមនុស្សមួយចំនួន បានព្យាយាមដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់ទៅហើយ។
លោក ម៉ែន រីម ក៏បានបញ្ជាក់ថា តាមពិតនៅកន្លែងហែលទឹកកម្សាន្ត ក្នុងរមណីយដ្ឋានខាងលើនេះ គេមានអាវពោងពាក់ការពារដែរ តែជនរងគ្រោះមិនបានពាក់ទេ ខណៈអ្នកហែលទឹករាប់សិបនាក់ពាក់ព្រោងព្រាត ។ មិនត្រឹមតែមិនពាក់ទេ សូម្បីតែខោជើងវែងក៏ជនរងគ្រោះមិនស្រាតទុកដែរ ។ ដូច្នេះហើយ ទើបហែលដល់កន្លែងទឹកជ្រៅ ជនរងគ្រោះហែលរួចក៏ជួបគ្រោះថ្នាក់តែម្ដង ៕






