ជាប់រវល់ទៅមើលឪពុកឈឺនៅមន្ទីរពេទ្យរុស្ស៊ីត្រឡប់មកផ្ទះវិញ ត្រូវចោរគាស់ទ្វារផ្ទះលួចយកម៉ូតូ១គ្រឿង បានសម្រេចដោយមិនរំខានសមត្ថកិច្ច
ខេត្តកណ្តាល÷ ករណីជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារផ្ទះចូលលួចយកម៉ូតូ១គ្រឿងបានសម្រេចដោយមិនរំខានដល់សមត្ថកិច្ចនៅស្រុកកណ្ដាលស្ទឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថានៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ រូបគាត់បានរៀបចំបិទទ្វារផ្ទះដើម្បីទៅមើលឪពុកឈឺនៅមន្ទីរពេទ្យរុស្ស៊ី ដោយផ្ទះរបស់គាត់មានទ្វារ២ជាន់ហើយ ក៏បានចាក់សោនៅទ្វាខាងក្រៅ ចំណែកឯទ្វារខាងក្នុងគឺមិនបានចាក់នោះទេ ដោយសារតែគាត់គិតថាពេលដែលទៅមើលឪពុកឈឺហើយនោះនឹងត្រឡប់មកវិញ ហើយនៅពេលដែលទៅដល់មន្ទីរពេទ្យបានមើលឪពុក រួចរាល់នៅវេលាម៉ោង១១ទៅ១២យប់ គាត់ក៏បានសុំម្ដាយដើម្បីត្រឡប់មកផ្ទះវិញ ព្រោះគាត់មានការព្រួយបារម្ភទ្រព្យ សម្បត្តិនៅខាងក្នុងផ្ទះរបស់គាត់។
ស្រាប់តែពេលនោះម្ដាយរបស់គាត់ក៏បានឃាត់មិនឲ្យគាត់ត្រឡប់មកទាំងយប់នោះទេ ដោយពួកគាត់មានការព្រួយបារម្ភអំពីសុខសុវត្ថិភាពតាមផ្លូវ ព្រោះនៅពេលយប់ជ្រៅនៅតាមដងផ្លូវនេះស្ងាត់ដោយគាត់មានការព្រួយបារម្ភខ្លាចមានជនសង្ស័យធ្វើសកម្មភាពកាប់វាយប្លន់ សម្លាប់ចោលនៅតាមផ្លូវ។ ពេលនោះរូបគាត់គិតថាយប់ជ្រៅដែរហើយនោះទើបរូបគាត់សម្រេចថាសម្រាកនៅមន្ទីរពេទ្យជាមួយឪពុកដែលឈឺ និងម្ដាយនៅទីនោះតែម្ដងទៅ ប៉ុន្តែគាត់នៅតែមានការព្រួយបារម្ភអំពីទ្រព្យ សម្បត្តិដែលនៅក្នុងផ្ទះរបស់គាត់ ដោយរូបគាត់បានបន្តថាទ្វារផ្ទះរបស់គាត់គឺគាត់បានចាក់សោរតែខាងក្រៅ ដោយសារតែភ្លេចចាក់សោទ្វារខាងក្នុង ព្រោះទ្វារទាំងពីរនេះគឺទ្វារខាងក្នុងមានសុវត្ថិភាពជាងទ្វារខាងក្រៅ។
ជនរងគ្រោះបានបន្តឲ្យដឹងទៀតថា លុះនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង៧ព្រឹក រូបគាត់ក៏ បានវិលត្រឡប់ពីមន្ទីរពេទ្យដើម្បីមកផ្ទះវិញ ខណៈពេល នោះក៏មានម៉ូយខោអាវរបស់គាត់ ដែលតែងតែយកខោ អាវមកបោកគក់នៅផ្ទះរបស់គាត់រាល់ថ្ងៃឃើញទ្វារផ្ទះជំហរតែមិនឃើញមនុស្ស ហើយម៉ូយរបស់គាត់នោះក៏បានទូរសព្ទប្រាប់គាត់ថា នៅទីណា ពេលនោះគាត់បានប្រាប់ថាបន្តិចទៀតគាត់នឹងមកដល់ផ្ទះហើយ លុះពេលដែលគាត់មកដល់ផ្ទះស្រាប់តែឃើញទ្វារចំហរទាំងក្នុងទាំងក្រៅ ពេលនោះរូបគាត់បានឆ្ងល់ថាតើអ្នកណាមកបើកទ្វារផ្ទះរបស់គាត់ ភ្លាមៗនោះដែរជនរងគ្រោះក៏បានស្ទុះទៅមើលនៅខាងក្នុងផ្ទះស្រាប់តែបាត់ម៉ូតូមួយគ្រឿងតែម្តង ហើយរូបគាត់ក៏បានបន្តទៅមើលសម្ភារៈទ្រព្យសម្បត្តិមានតម្លៃរបស់គាត់ជាបន្ត ប៉ុន្តែមិនមានបាត់បង់អ្វីក្រៅពីម៉ូតូនោះទេ។
ជនរងគ្រោះបន្តឲ្យដឹងទៀតថា ម៉ូតូដែលបាត់បង់នោះជាប្រភេទម៉ូតូម៉ាក scoopyពណ៌ស ស៊េរីឆ្នាំ ២០២៤ពាក់ស្លាកលេខកណ្ដាល1AT 8352 ដែលបង់រំលោះពីក្រុម ហ៊ុនលក់ម៉ូតូមិនទាន់នឹងដាច់នឹងផង។ រូបគាត់បានឱ្យដឹងបន្ថែមថាបន្ទាប់ពីបាត់ម៉ូតូនេះហើយ រូបគាត់ក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប ដើម្បីឲ្យសមត្ថកិច្ចស្វែងរកជនសង្ស័យ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ និងបានសំណូមពរឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូរបស់គាត់ផង។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំជើងកើបបានសំណូមពរដល់សមត្ថកិច្ចមេត្តាជួយល្បាតនៅពេលយប់ផង ព្រោះសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ខណៈដែលជនសង្ស័យតែងតែធ្វើសកម្មភាពលួច ឆក់ ប្លន់ជាញឹកញាប់ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង៕






