នគរបាលស្រុកស្អាងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ឃាត់ខ្លួនជនសង្ស័យ១ នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

ខេត្តកណ្តាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ (មានស្ថានទម្ងន់ ទោសដោយសារមធ្យោបាយប្រើប្រាស់ឬទាក់ទងនឹងជនល្មើស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង១១ និង ៣០នាទី នៅចំណុចភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ចំនួន១នាក់ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរៈសិស្ស មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យ ចំនួន០១ នាក់ (ឃាត់ខ្លួន) ឈ្មោះ គា ធា ហៅស្មី ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មានវិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់យកកាំបិតផ្គាក់ចំនួន ០១ ដេីមផ្លែដែកដងធ្វើអំពីឫស្សី មានប្រវែង៩០សង់ទីមែត្រ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហើយតែងតែកាន់កាំបិតផ្គាក់ រកកាប់សម្លាប់ជនរងគ្រោះច្រើន ដងមកហើយ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ០៨ និង០០ នាទី ជនរងគ្រោះកំពុងនៅផ្ទះធ្វើការងារ ពេលនោះជនសង្ស័យបានស្រែកហៅជនរងគ្រោះឲ្យមកជួបខ្លួន ប៉ុន្តែជនរងគ្រោះមិនបានមកជួបទេដោយសារភ័យខ្លាចជនសង្ស័យចាប់រំលោភខ្លួនទៀត។ លុះដល់វេលាម៉ោង១១ និង០០នាទី ឈ្មោះ ជិន ច្រឹប ហៅសុក ត្រូវជាម្ដាយបង្កើតបានត្រលប់មកដល់ផ្ទះនិយាយណែនាំដល់ជនសង្ស័យត្រូវជាកូនបង្កើត បណ្ដាលឲ្យជនសង្ស័យខឹងបានយកកាំបិតផ្គាក់មកគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះ និងម្ដាយតែម្ដង បណ្ដាលឲ្យជនរងគ្រោះមានការភ័យតក់ស្លុតរត់គេចចេញទៅពួននៅផ្ទះអ្នកជិតខាង ព្រមទាំងបានទូរស័ព្ទទៅវិទ្យុABC ដើម្បីស្នើសុំការជួយអន្តរាគមន៍។
កាលពីថ្ងៃទីមិនចាំ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យបានធ្វើសកម្មភាពចាប់ចងដៃជនរងគ្រោះ រួចបានធ្វើសកម្មភាពចាប់រំលោភជនរង គ្រោះបានសម្រេចបានមួយលើក ព្រមទាំងបានគំរាមសម្លាប់ជនរងគ្រោះថែមទៀតផង បើសិនជាហ៊ាននិយាយរឿងនេះប្រាប់អ្នកដ៏ទៃ។ នៅអំឡុងឆ្នាំ២០២៣ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចចំនួន០១លើកម្ដងរួចមកហើយ។
ដោយសារតែមានការភ័យខ្លាច និងអត់ទ្រាំនឹងទង្វើរបស់ជនសង្ស័យដែលតែងតែមានបំណងចាប់រំលោភខ្លួន និងតែងតែគំរាមកំហែងថានឹងសម្លាប់នេះមិនបាន ជនរងគ្រោះក៏សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវឲ្យជួយអន្តរាគមន៍។ ពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយប្រជាការ ពារឃុំបានចុះទៅដល់កន្លែងកើតហេតុរួចបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងខាងលេីយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះបានម្ដង រួមទាំងបានយកកាំបិតផ្គាក់និយាយគំរាមកំហែងថានឹងសម្លាប់ជនជនរងគ្រោះរួមនិងម្ដាយ ពិតមែន។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

You might also like