បង្ក្រាបក្រុមជួញដូរគ្រឿងញៀនក្នុងព្រៃបឹងបាក់ស្ន ឃាត់ខ្លួនយុវតីម្នាក់ និងអ្នកទិញជក់ ៣នាក់ ខណៈសង្សារជាមេក្លោងរត់គេចខ្លួន
កម្លាំងនគរបាលស្រុកកោះធំ បានបើកប្រតិបត្តិការចុះឆ្មក់បង្ក្រាបមុខសញ្ញាប្រមូលផ្ដុំគ្នាជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងព្រៃបឹងបាក់ស្ន ដោយឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ ក្នុងចំណោមបក្សពួក ៨នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី១៨ មេសា ២០២៦ ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ៤នាក់ និងមានផ្ទុកសារធាតុញៀនក្នុងទឹកនោម រួមមានឈ្មោះ សាយ ពិសី (ប្រុស, ១៦ឆ្នាំ) ឈ្មោះ មិត្ត ភូមិរ៉ា (ប្រុស, ១៦ឆ្នាំ) ឈ្មោះ មឿន ឆវ័ន (ប្រុស, ៣៣ឆ្នាំ) និងឈ្មោះ ម៉ូ គន្ថា (ស្រី, ១៦ឆ្នាំ) ជាអ្នកលក់ថ្នាំញៀនជាមួយសង្សារ។ ចំណែកបក្សពួក ៤នាក់ទៀតដែលបានរត់គេចខ្លួន រួមមានឈ្មោះ ថុល វិបុល (ប្រុស, ១៩ឆ្នាំ) ដែលត្រូវជាមេក្លោងលក់ថ្នាំញៀន និងជាសង្សាររបស់ឈ្មោះ ម៉ូ គន្ថា ព្រមទាំងបក្សពួក ៣នាក់ទៀតឈ្មោះ ឃឹម រស្មី ឈ្មោះ អាន ភារម្យ និងឈ្មោះ អឿង អាន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ថង់វេចខ្ចប់ និងឧបករណ៍សម្រាប់ជក់មួយចំនួនធំ ម៉ូតូ ១គ្រឿង ទូរស័ព្ទ ២គ្រឿង ចំពាមកៅស៊ូ ១ដើម និងសម្ភារៈមួយចំនួនទៀត។
ប្រភពដដែលបានបន្តថា មុនពេលឈានដល់ការបង្ក្រាប កម្លាំងសមត្ថកិច្ចទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀននៅចំណុចព្រៃខាងលើ។ ភ្លាមៗនោះ កម្លាំងជំនាញស្រុកបានសហការជាមួយប៉ុស្តិ៍រដ្ឋបាល ចុះទៅដល់ទីតាំងក៏ប្រទះឃើញជនសង្ស័យកំពុងប្រមូលផ្ដុំគ្នា។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ក្រុមជនសង្ស័យបានបំបែកហ្វូងរត់គេចខ្លួន តែសមត្ថកិច្ចបានដេញតាមឃាត់ខ្លួនបាន ៤នាក់ ខណៈ ៤នាក់ទៀតបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ូ គន្ថា បានសារភាពថា ខ្លួន និងសង្សារឈ្មោះ ថុល វិបុល ពិតជាបានធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនប្រាកដមែន ដោយវត្ថុតាងជញ្ជីង និងថង់វេចខ្ចប់គឺជាឧបករណ៍របស់សង្សារខ្លួន។ ចំណែកជនសង្ស័យ ៣នាក់ទៀតបានសារភាពថា ពួកគេពិតជាបានមកទិញថ្នាំញៀនពីអ្នកទាំងពីរដើម្បីប្រើប្រាស់ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់មេក្លោង និងបក្សពួកដែលសេសសល់ ៕






