បារីជាច្រើនយីហោជិត ៤០០ សុង ត្រូវបានទាហានថៃ រកឃើញក្បែរព្រំដែនស្រុកកំរៀង

បាត់ដំបង ៖ បារីជាច្រើនយីហោ ដែលកន្លងមកទាំងសមត្ថកិច្ចកម្ពុជា ក៏ដូចជាយោធាថៃ បានរកឃើញមានការនាំចេញតាមច្រករបៀងនានា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក៏ដូចជាភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាញឹកញាប់យ៉ាងណាក៏ដោយ ក៏មុខរបរនេះនៅតែបន្តយ៉ាងរលូនដដែលដែលហាក់បីដូចជាគ្មានការរំខានដល់សមត្ថកិច្ចណាមួយឡើយ។
ជាក់ស្ដែងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី និងត្រាត ជាពិសេសក្រុមការងារកងម៉ារីនខេត្តចន្ទបុរី បានដាក់ពង្រាយអង្គភាពកងអនុសេនាធំលេខ២ ដើម្បីល្បាតតាមតំបន់ព្រំដែន ត្រង់ចំណុច ឃុំទេពនិមិត្ត ស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី
ដែលមានព្រំប្រទល់និងតំបន់ប៉ុស្តិ៍ព្រះពុទ្ធហៅបឹងឆ្នាំ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
តាមសេចក្តីរាយការណ៍ពីកម្លាំងសម្ងាត់អំពីការរត់ពន្ធទំនិញគេចពន្ធ។

ក្នុងអំឡុងពេលល្បាត ពួកគេបានរកឃើញបារីបរទេសលាក់ទុកក្នុងគុម្ពោតព្រៃ ដែល វត្ថុតាងទាំងនេះរួមមានបារីបរទេសចំនួន ៣២៤ សុង ស្មើនឹង ៣.២៤០ កញ្ចប់ ឬ ៦៤.៨០០ដើម ដែលមានតម្លៃប៉ាន់ស្មានប្រហែល ១.៩៤៤.០០០បាត។ មន្ត្រីជំនាញបានប្រមូលវត្ថុតាងដែលរឹបអូសបានប្រគល់ជូនមន្ត្រីស៊ើបអង្កេតដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
មន្ត្រីយោធានៅក្នុងតំបន់នោះបានបំភ្លឺអំពីរបាយការណ៍ព័ត៌មានទាក់ទងនឹងការរត់ពន្ធទំនិញមិនជាប់ពន្ធនៅក្នុងតំបន់បានឡែម ដោយបញ្ជាក់ថា បទល្មើសទាំងនេះបានកើតឡើងជាញឹកញាប់បើទោះបីជាមានការបង្ក្រាបទាំងភាគីថៃនិងភាគីកម្ពុជាយ៉ាងណាក៏ដោយ។ ពួកគេបានបញ្ជាក់ថា ពួកគេបានអនុវត្តវិធានការបង្ក្រាបជាបន្តបន្ទាប់ និងយ៉ាងម៉ត់ចត់ រួមទាំងការពង្រឹងការល្បាតព្រំដែន ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) សម្រាប់ឃ្លាំមើលនៅតំបន់ដែលមានហានិភ័យខ្ពស់ ការបង្កើនការត្រួតពិនិត្យផ្លូវរត់ពន្ធ និងកិច្ចសហប្រតិបត្តិការរួមបញ្ចូលគ្នាជាមួយភ្នាក់ងារពាក់ព័ន្ធគ្រប់ទិដ្ឋភាព ដែលនេះគឺជាសម្ដីរបស់លោកអនុសេនីយ៍ឯក ប្រាជ្ញ ហាន់ធៀម មេបញ្ជាការក្រុមការងារកងម៉ារីនប្រចាំខេត្តច័ន្ទបុរី ៕

You might also like