អ្នកនាំពាក្យ ៖ សកម្មភាពថ្មីៗរបស់កងកម្លាំងថៃ ដែលកម្ពុជាតវ៉ា គឺស្ថិតនៅលើទីតាំងដែលពួកគេឈរជើងនៅក្រោយបទឈប់បាញ់ចូលជាធរមាន មិនមែនជាការរុលចូលលើទីតាំងថ្មីឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះថា សកម្មភាពថ្មីៗរបស់កងកម្លាំងថៃដែលកម្ពុជាតវ៉ាគឺស្ថិតនៅលើទីតាំងដែលពួកគេឈរជើងនៅក្រោយបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺមិនមែនជាការរុលចូលកាន់កាប់ទឹកដីកម្ពុជាលើទីតាំងថ្មីទៀតឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការតវ៉ាជាផ្លូវការនេះគឺជាកាតព្វកិច្ច និងមានសារសំខាន់មិនអាចខ្វះបានក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា ៖
ទី១៖ វាគឺជាសារព្រមានទៅភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃមិនអាចប៉ុនប៉ងកាន់កាប់បានឡើយ។
ទី២៖ វាគឺជាឯកសារភស្តុតាងដែលមានតម្លៃគតិយុត្តិសម្រាប់ដោះស្រាយបញ្ហាបូរណភាពទឹកដីតាមច្បាប់អន្តរជាតិ។
ទី៣៖ការតវ៉ានេះគឺជាការប្រកាសប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងលឺជាសាក្សីនៃការរំលោភបំពាននិងការប្រឆាំងជំទាស់ជាផ្លូវការរបស់ភាគីកម្ពុជា និង
ទី៤៖ លិខិតតវ៉ាទាំងនេះគឺជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមានដើម្បីរង់ចាំដំណោះស្រាយពិតប្រាកដមួយនាពេលខាងមុខ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជូនជាថ្មីថា កម្ពុជារក្សាជំហរដាច់ខាតការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម,គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់ដោយរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងទីតាំងមួយចំនួនដែលពួកគេដណ្តើមកាន់កាប់ដោយកម្លាំងយោធាកាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ ២០២៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិសាត់ ដូចជា ការសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ សាងសង់ផ្លូវ ជីកលេណដ្ឋាន និងសកម្មភាពឈូសឆាយដីជាដើម។
កម្ពុជាចាត់ទុកសកម្មភាពទាំងនេះរបស់កងកម្លាំងប្រដាប់អគឺជាការរំលោភលើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។ កម្ពុជាប្រកាសបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាពទាំងនេះក្រោមលេសថា ជាការការពារខ្លួនដែលស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

You might also like