គ្រោះអគ្គិភ័យយ៉ាងធំសម្បើម នៅប្រទេសម៉ាឡេស៊ី លេបត្របាក់លំនៅដ្ឋាន១០០០ខ្នង
(គូឡាឡាំពួ)៖ មនុស្សរាប់ពាន់នាក់បានរងផលប៉ះពាល់ បន្ទាប់ពីគ្រោះអគ្គិភ័យមួយបានបំផ្លាញលំនៅដ្ឋានសរុបប្រហែល១០០០ខ្នង នៅភូមិមាត់ឆ្នេរមួយកន្លែង នៅរដ្ឋ Sabah លើកោះ Borneo នៃប្រទេសម៉ាឡេស៉ី កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
គ្រោះអគ្គីភ័យខាងលើបានកើតឡើង នាវេលាយប់រំលងអធ្រាត្រនៅភូមិអណ្តែតទឹកមួយនៃរដ្ឋ Sabah។ ភូមិប្រភេទនោះ គឺសម្បូរទៅដោយផ្ទះសាងសង់ពីឈើ និងជាទីជម្រករបស់សហគមន៍ក្រីក្រ។ អាជ្ញាធរពន្លត់អគ្គិភ័យបាននិយាយថា ខ្យល់បក់ខ្លាំងនិងភាពស្ថិតនៅកៀកៗគ្នាខ្លាំងនៃលំនៅដ្ឋានទាំងនោះ បូករួមជាមួយចំពេលទឹកនាចថែមទៀត គឺជាកត្តាដែលធ្វើឱ្យអគ្គិភ័យរីករាលដាលយ៉ាងឆាប់រហ័ស និងពិបាកគ្រប់គ្រង។
គួរបញ្ជាក់ថា អ្នកស្រុកសរុបជាង៩០០០នាក់ បានរងការប៉ះពាល់ដោយសារគ្រោះអគ្គិភ័យ ប៉ុន្តែពុំមានសេចក្តីរាយការណ៍អំពីមនុស្សបាត់បង់ជីវិតទេ។ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ កំពុងធ្វើការជាមួយអាជ្ញាធររដ្ឋ Sabah ដើម្បីផ្តល់ជំនួយចាំបាច់ និងកន្លែងជ្រកកោនបណ្តោះអាសន្ន សម្រាប់អ្នកដែលរងផលប៉ះពាល់៕






