ឪពុកបាញ់សម្លាប់កូនខ្លួនឯង ៧នាក់ រួមជាមួយក្មេងម្នាក់ទៀត នៅរដ្ឋ Louisiana
(វ៉ាស៉ីនតោន)៖ ក្នុងហេតុការណ៍ដ៏រន្ធត់មួយ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា នៅទីក្រុង Shreveport រដ្ឋ Louisiana សហរដ្ឋអាមេរិក ខ្មាន់កាំភ្លើងបានសម្លាប់ក្មេងៗសរុបចំនួន៨នាក់ ដែលក្នុងចំណោមនោះ ៧នាក់គឺជាកូនរបស់ខ្លួនផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ព័ត៌មានបឋមពីប៉ូលិសប្រចាំទីក្រុង Shreveport គឺជនសង្ស័យដំបូងឡើយ បានបាញ់ស្រ្តីម្នាក់ ហើយបន្ទាប់មកបានចូលទៅក្នុងផ្ទះ ជាទីដែលក្មេងៗទាំងនោះ ត្រូវបានសម្លាប់។ ក្មេងៗជាជនរងគ្រោះ មានអាយុចន្លោះចាប់ពីខ្ទង់១ឆ្នាំ ដល់១៤ឆ្នាំ។ ស្រ្តីសរុបចំនួន២នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយរងរបួសធ្ងន់។ ជនសង្ស័យនិងស្រ្តីម្នាក់ ដែលបានរងការបាញ់ប្រហារ គឺជាឪពុក-ម្តាយរបស់ក្មេងរងគ្រោះចំនួន៧នាក់។ ក្រោយធ្វើសកម្មភាពបាញ់ប្រហារ ជនសង្ស័យបានជិះរថយន្តរត់គេចខ្លួន ប៉ុន្តែត្រូវបានបាញ់សម្លាប់ ពេលប៉ូលិសប្រដេញតាម។ ការស៉ើបអង្កេតលម្អិត ត្រូវបានបើកធ្វើឡើង ខណៈឧប្បត្តិហេតុនេះ ត្រូវបានចាត់ថ្នាក់ជាករណីអំពើហិង្សាក្នុងគ្រួសារ។
គួរបញ្ជាក់ថា ដោយមិនរាប់បញ្ចូលឧប្បត្តិហេតុខាងលើនៅទីក្រុង Shreveport អង្គការ Gun Violence Archive បានកត់ត្រាករណីបាញ់ប្រហារទ្រង់ទ្រាយធំយ៉ាងហោច១១៩ករណី នៅទូទាំងសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ១១៧នាក់ ក្នុងនោះមានក្មេង៧៩នាក់ និងរបួស៤៥៨នាក់។ ករណីបាញ់ប្រហារទ្រង់ទ្រាយធំ ត្រូវបានកំណត់និយមន័យថា ជាឧប្បត្តិហេតុដែលមនុស្សយ៉ាងហោច៤នាក់ មិនរាប់បញ្ចូលខ្មាន់កាំភ្លើង បានរងរបួសឬស្លាប់ដោយសារគ្រាប់កាំភ្លើង។ យោងតាម Gun Violence Archive កាលពីឆ្នាំ២០២៥ សហរដ្ឋអាមេរិក មានករណីបាញ់ប្រហារទ្រង់ទ្រាយធំសរុប៤០៧ករណី៕






