កម្មករ-កម្មការិនី បានវិលត្រឡប់ចូលបំពេញការងារឡើងវិញដោយក្ដីរីករាយក្រោយចប់ពិធីចូលឆ្នាំថ្មី

ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ដោយភាពសប្បាយរីករាយនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែមេសានេះ មើលឃើញថា កម្មករ កម្មការនី បាននាំគ្នាចូលបំពេញការងាររៀងៗខ្លួនឡើងវិញ ជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ខែមេសានេះ មានកម្មករនិយោជិត ១០០% បានមកបំពេញការងារឡើងវិញក្រោយឈប់សម្រាកពិធីបុណ្យចូលឆ្នាំដើម្បីជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិ ខណៈមានកម្មករកម្មការិនីមួយចំនួនតូចបានស្នើសុំច្បាប់ឈប់សម្រាកបន្ថែមដោយសារមានធុរៈបន្ទាន់។
លោកបានបន្តថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ រោងចក្រខ្លះអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈ ៧ថ្ងៃ និងមួយចំនួនផ្សេងទៀតអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួលរហូតចំនួន ៩ថ្ងៃ ដើម្បីឱ្យកម្មករបានជួបជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន។ លោកបានឱ្យដឹងទៀតថា នៅឆ្នាំនេះ ក្រៅពីជួបជុំក្រុមគ្រួសារ កម្មករនិយោជិតបានជួបជុំមិត្តភ័ក្តិ និងបងប្អូនដើម្បីលេងល្បែងប្រជាប្រិយ និងចូលរួមដើរលេងកម្សាន្តនៅតាមទីវត្តអារាមនានា ដែលរូបភាពទាំងអស់នេះគឺកម្មករនិយោជិតបានបង្ហាញក្នុងគ្រុបឆាតក្រុមការងារជារួម ដែលទាំងអស់នេះបានបង្ហាញឱ្យដឹងថា ពិតមានភាពសប្បាយរីករាយជាខ្លាំងក្នុងឱកាសថ្ងៃឈប់សម្រាកដ៏មានអត្ថន័យនេះ។
កម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់បានលើកឡើងថា បន្ទាប់ពីឈប់សម្រាកអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនពីការជួបជុំ រវាងក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិ។ កម្មករ កម្មការនី បានបន្តទៀតថា ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំ ក្រៅពីការជួបជុំក្រុមគ្រួសារនៅតាមផ្ទះ ក៏បាននាំគ្នាធ្វើចង្ហាន់ និងរៀបចំទេយ្យទានផ្សេងៗប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា ដើម្បីឧទ្ទិស មគ្គផល និងគុណូប្បការៈគុណទៅដល់អ្នកមានគុណ និងជីដូនជីតាដែលបានចែកឋានទៅកាន់បរលោក។ យ៉ាងណាក៏ដោយ កម្មករ កម្មការិនីទាំងអស់ ក៏មិនបានភ្លេចនូវការអរគុណ និងដឹងគុណដល់វីរៈកងទ័ពដែលកំពុងប្រឈមបញ្ហាការឈ្លានពានទឹកដីរបស់ក្រុមយោធាថៃ និងបានជូនពរបន្ថែមទៀតជូនចំពោះរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងវីរៈកងទ័ព ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ទទួលបានសុខភាពល្អ និងទទួលជោគជ័យលើគ្រប់ភារកិច្ចក្នុងការបំពេញការងារទាំងទីជិត និងទីឆ្ងាយ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតដើរលេងកម្សាន្តទាំងក្នុងនិងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់សម្រាកដោយទទួលបានប្រាក់ឈ្នួលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦៕

You might also like