ស្មារតីពហិការឈប់ប្រើប្រាស់ទំនិញថៃ បានជំរុញឱ្យរោងចក្រ សហគ្រាសកើតថ្មីកើនឡើងមិនធ្លាប់មានពីមុនមក, ៣ខែដើមឆ្នាំនេះ កើនឡើងជាង ៥០០មូលដ្ឋាន
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ស្មារតីពហិការឈប់ប្រើប្រាស់ទំនិញថៃ បានជះផល់វិជ្ជមានជាបណ្តើរៗដល់សេដ្ឋកិច្ចកម្ពុជា ដោយលោកបានកត់សម្គាល់ថា ចំនួនរោងចក្រ និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs) បានកើនឡើងយ៉ាងខ្លាំង មិនធ្លាប់មានពីមុនមក។
លោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ចាប់តាំងពីកម្ពុជា ផ្ទុះជម្លោះជាមួយថៃ កាលពីកណ្តាលឆ្នាំ២០២៥មក ចំនួនសហគ្រាសខ្នាតតូច និងមធ្យម(SMEs) បានកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ខណៈចំនួនរោងចក្របានកើនឡើងរហូតដល់ជាង ១០០%។
បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្មរូបនេះ កំណើនសហគ្រាសធុនតូច និងមធ្យម ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២៦ មានកំណើន ៥០៥ មូលដ្ឋាន។ ដោយឡែកសម្រាប់ឆ្នាំ២០២៥ ចំនួន SMEs មានកំណើន ១ ២៦៨ មូលដ្ឋាន និងរោងចក្រធុនធំមានកំណើន ៧០០ រោងចក្រ។
លោកមានប្រសាសន៍ថា តាមរយៈទិន្នន័យទាំងនេះ បានឆ្លុះបញ្ចាំងពីទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋកម្ពុជា ដែលបានងាកមកចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដែលបានជំរុញឱ្យធុរជនក្នុងស្រុក រួមគ្នាបង្កើតរោងចក្រ សហគ្រាស និងសិប្បកម្ម ផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបានបញ្ចៀសនូវការមាក់ងាយដែលថា កម្ពុជាខ្លះអ្នកជិតខាងមិនបាន។
លោកបានសង្កត់ធ្ងន់ថា «យន្តការនៃការគាំទ្រ ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋរបស់យើង បានធ្វើឱ្យ SME របស់យើងមានទឹកចិត្ត ដោយសារមានអ្នកគាំទ្រ អីចឹងការរុញផលិតកម្មរបស់គាត់ មានលក្ខណៈប្រសើរ។ យើងក្រឡេកមើល ក្នុងឆ្នាំ២០២៥ ក្នុងរយៈពេល ៦ខែចុងក្រោយ ក្រោយពីមានវិបត្តិជាមួយនឹងប្រទេសជិតខាងរបស់យើង កាលពីខែឧសភា អីចឹងចាប់ពីខែមិថុនា ដល់ខែធ្នូ SMEs របស់យើងកើតច្រើនមែនទែន រោងចក្ររបស់យើង ក៏កើតច្រើនស្ទើរតែមិនគួរឱ្យជឿ។ បើនិយាយពីរោងចក្រកើនឡើងលើសពី១០០% ដែលជាកំណើនមួយដ៏ធំ ដែលយើងមិនធ្លាប់មាន»។
លោក ឌួង ពូលឡង់ មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានលើកឡើងថា ស្របពេលជម្លោះកម្ពុជា-ថៃ បានបង្កើតនូវបញ្ហាប្រឈមសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្តែក៏បង្កើតនូវឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងខ្លួនផងដែរ។ ជាពិសេសនោះ ដោយសារស្មារតីស្រលាញ់ជាតិសាសន៍ បានជំរុញពលរដ្ឋកម្ពុជាព្រមទទួល និងសម្រេចជ្រើសរើសប្រើប្រាស់ទំនិញក្នុងស្រុកជំនួសទំនិញថៃ បើទោះបីជាគុណភាពនៃការផលិតទាន់ដល់គេក៏ដោយ។
ជាមួយគ្នានេះ លោកជំរុញដល់ម្ចាស់សហគ្រាសទាំងអស់ ត្រូវធ្វើឱ្យប្រសើរនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលពីប្រទេសជិតខាងតិចជាងមុន៕






