អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះថា សម្រាប់ការបន្តនិរន្តរភាព និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទនៃការការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដោយសម្លឹងឆ្ពោះទៅការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ដោយឥតប្រែប្រួលឡើយ និងទទួលបានលទ្ធផលជាបន្តបន្ទាប់។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជាក់ស្តែង តាមការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ កម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អក្នុងឆ្នាំ២០២៦នេះ ពោលគឺកម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអាស៊ានបើទោះបីជាកម្ពុជាជួបប្រទះនឹងសង្គ្រាមឈ្លានពាន ហើយពិភពលោកកំពុងជួបប្រទះភាពមិនប្រាកដប្រជាដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ាយ៉ាងណាក្តី។
ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា កាលពីដើមឆ្នាំ២០២៦ថ្មីៗនេះ មន្ត្រីជំនាញអង្គការសហប្រជាជាតិបានវាយតម្លៃថា កម្ពុជានៅតែអាចបំពេញបាននូវលក្ខខ័ណ្ឌចាំបាច់នានាដើម្បីចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ដូចការគ្រោងទុកផងដែរ។
ឯកឧត្តមបន្តថា ភាពសប្បាយរីករាយ និងចលនាទេសចរក្នុងស្រុក ក៏ដូចជាទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងទៅនេះ ក៏បានបង្ហាញពីសកម្មភាពសង្គម-សេដ្ឋកិច្ច យ៉ាងរស់រវើក ខណៈដែលការដោះស្រាយវិបត្តិប្រេងឥន្ធនៈបានល្អក៏ដូចជាការផ្តល់មធ្យោបាយដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងអំឡុងបុណ្យចូលឆ្នាំ បានបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជាដោយរាជរដ្ឋាភិបាលបាន និងកំពុងបន្តចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ និងដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចកម្សាន្តសប្បាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ក៏ដូចជារក្សាលំនឹងជីវភាពរបស់ខ្លួន។
ឯកឧត្តមបានថ្លែងថា ការរក្សាបាននូវដំណើរការប្រក្រតីនៃសង្គម-សេដ្ឋកិច្ច ក្នុងស្ថានភាពដ៏លំបាកបែបនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាគឺជាលទ្ធផលនៃការដឹកនាំ ចាត់ចែងត្រឹមត្រូវ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា។ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីបិទបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន និងក្រុមការពារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងបំពេញភារកិច្ចរបស់ខ្លួនដើម្បីធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាពសម្រាប់ប្រជាជនខ្មែរ និងភ្ញៀវទេសចរ។
សម្តេចធិបតីបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេសគឺដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារខ្មែរ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួននៅគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលបានរៀបចំ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ជារួមរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគិតគូរគ្រប់ជ្រុងជ្រោយ គ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀតដោយមិនបានទុកចោលវិស័យណាមួយឡើយ។ ទន្ទឹមនឹងនោះ កិច្ចការពារបូរណភាពទឹកដី និងប្រជាជន នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលជានិច្ច៕






