ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវករណីចោទប្រកាន់អ្នករាយការណ៍រឿងគ្រឿងញៀនថា ចេះអំពេីអាបធ្មប់ និងប៉ុនប៉ងធ្វេីមនុស្សឃាត, ករណីនោះជារឿងយល់ច្រឡំទំនាស់បុគ្គល និងបានដោះស្រាយរួចរាល់

(កំពង់ស្ពឺ)៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីបំភ្លឺមួយ ដើម្បីឆ្លើយតបចំពោះការការចែកចាយព័ត៌មានតាមរយៈសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុកករណី «ផ្ដេីមពីរាយការណ៍រឿងគ្រឿងញៀន ក្លាយទៅជាគេចោទចេះអំពេីអាបធ្មប់ និងប៉ុនប៉ងធ្វេីមនុស្សឃាត តែអាជ្ញាធរមិនអេីពេី, គ្រួសារជនរងគ្រោះដង្ហោយរកមេធាវីសម្ដេចតេជោជួយស្វែងរកយុត្ដិធម៌»។
ក្រោយមានចុះផ្សាយករណីខាងលេី ស្នងការដ្ឋាននគរបាលខេត្ដ បានចាត់ក្រុមការងារជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដ អធិការដ្ឋាននគរបាលស្រុកសំរោងទង និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំធម្មតាអរ សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិព្រៃកន្រ្ទង់ ឃុំធម្មតាអរ ចុះជួបជាមួយបុគ្គលដែលអះអាងថា ផ្ដេីមពីការរាយការណ៍រឿងគ្រឿងញៀន គេចោទថា ចេះអំពេីអាបធ្មប់ កំឡុងពេលជួបសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានបានស្នេីសុំឲ្យឈ្មោះ ហុក ខេម៉ា ភេទប្រុស អាយុ៤៦ឆ្នាំ បន្ដសហការ និងផ្ដល់ព័ត៌មានមកសមត្ថកិច្ច និងអាជ្ញាធរបន្ដទៀតក្នុងករណីបានដឹង ឃេីញមុខសញ្ញាចែកចាយជួញដូរ នូវសារធាតុញៀន ឬអ្នកប្រេីប្រាស់ ដោយកុំមានការភ័យខ្លាច ឬមានការបារម្ភលេីបញ្ហាសុវត្ថិភាព ពិសេសផ្ដល់តាមរយៈ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីឈានទៅធ្វេីការបង្រ្កាប និងចាត់ការតាមនីតិវិធីច្បាប់។
ស្នងការដ្ឋាននគរបាលខេត្ដ អាជ្ញាធរស្រុកសំរោងទង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំធម្មតាអរ បានបង្កេីតក្រុមការងារពិសេសមួយរង់ចាំ បេីកប្រតិបត្ដិការ និងបានធ្វេីការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន នៅគោលដៅខាងលេី ដោយបានធ្វេីការបន្សាបនូវព័ត៌មានទាំងឡាយ ដែលក្លាយជាពាក្យចចាមអារាមថា មានអ្នកចេះអំពេីអាបធ្មប់ នាយុគ្គសម័យទំនេីបបច្ចេកវិទ្យា AI និងស្នេីសុំឲ្យបងប្អូនប្រជាពលរដ្ឋរាយការណ៍រាល់សកម្មភាពទាំងឡាយណាដែលយល់ឃេីញថា ជាអំពេីបង្កអសន្ដិសុខ និងមានការបង្កភាពអាណាធិបតេយ្យដល់មូលដ្ឋាន។
ជារួមការប្ដេជ្ញាចិត្ដ និងការសម្រេចចិត្ដរបស់សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ព្រមទាំងបុគ្គលរាយការណ៍ បានស្ងប់ចិត្ដ និងមានការជឿជាក់លេីចំណាត់ការរបស់ក្រុមការងារ ក្នុងការធានាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ចំពោះករណីដែលថា បុគ្គលឈ្មោះ ហុក ខេម៉ា លេីកឡេីងតាមរយៈសារព័ត៌មាននោះ ជារឿងដែលកេីតជាយូរមកហេីយ និងបានដោះស្រាយលេីការយល់ច្រឡំនេះ រួចរាល់ពីមូលដ្ឋានដល់ស្ថាប័នតុលាការ ដោយផ្ដេីមចេញពីរឿងទំនាស់បុគ្គល និងបុគ្គល ជារឿងថ្មីដែលបន្ដកេីតពុំមានឡេីយ ទោះបីយ៉ាងណាសមត្ថកិច្ច និងអាជ្ញាធរបានលេីកទឹកចិត្ដឲ្យពលរដ្ឋមានការចូលរួម និងសហការផ្ដល់ព័ត៌មានដេីម្បីឈានទៅធ្វេីការបង្រ្កាបមុខសញ្ញាពាក់ព័ន្ធនិងគ្រឿងញៀន ចោរកម្ម ពិសេសលុបបំបាត់អសន្ដិសុខក្នុងមូលដ្ឋាន៕

You might also like