ឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០៣នាក់ ពាក់ព័ន្ធករណីបទ អំពើលួច
ស្រុកគិរីវង់ ៖ នៅថ្ងៃចន្ទ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចយើងបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុទ្ធ ឆលីហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ លក់ខោអាវ រស់នៅភូមិកំពង់ថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលបានប្តឹងទៅលើក្រុមជនសង្ស័យមានស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់ដំបូលតូបស័ង្កសីចូលលួចយកខោអាវអស់មួយចំនួនធំ នៅចំណុចផ្សារទន្លាប់(ផ្សារចាស់) ក្រោយពីសមត្ថកិច្ចយើងទទួលបានពាក្យបណ្តឹងភ្លាម លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានសុំយោបល់និងគោលការណ៍ណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
នគរបាលយុត្តិធម៌ស្រុក ធ្វើការស្រាវជ្រាវលុះមកដល់ម៉ោង១៦:៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល បានឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០៣នាក់មានដូចខាងក្រោម ÷
១.ឈ្មោះ សៀង សុខហឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាលួចមិនរាងចាល ,ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក ពាក់ព័ន្ធក្នុងករណីបទ អំពើលួច កាត់ខ្សែភ្លើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជាប់រយ:ពេល០៩ខែ)
២.ឈ្មោះ សើ គឹមហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាលួចមិនរាងចាល ,ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក លើកទី១.ពាក់ព័ន្ធក្នុងករណីបទ ប្រើប្រាស់គ្រឿងញៀន ជាប់រយៈពេល០២ឆ្នាំ នៅឯខេត្តព្រះសីហនុ និងលើកទី២. ពាក់ព័ន្ធក្នុងករណីបទ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជាប់រយៈពេល០២ឆ្នាំ០៦ខែ នៅឯខេត្តព្រះសីហនុ)
៣.ឈ្មោះ រ័ត្ន អូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាលួចមិនរាងចាល ,ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក ពាក់ព័ន្ធក្នុងករណីបទ អំពើលួច កាត់ខ្សែភ្លើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជាប់រយៈពេល០៧ខែ) ។
សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕






