ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការគាំទ្រ និងកិច្ចសហការយ៉ាងពេញលេញ ដើម្បីជួយសម្រួលដល់បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម ហើយក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការគាំទ្រ និងកិច្ចសហការបន្តជាប្រចាំជាមួយស្ថានទូតឡាវនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។

You might also like