បង្ក្រាបមេខ្យល់ និងសង្គ្រោះពលករជាង ១០០ នាក់ ខណៈត្រៀមបញ្ជូនឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
ខេត្តបាត់ដំបង ៖ ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងមានការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខតាមព្រំដែន កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ ៥៣ (វីរៈសេនាតូចលេខ ៥៣៤) បានបើកប្រតិបត្តិការបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់យ៉ាងក្តៅគគុក។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងស៊ើបការណ៍នៃវីរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៨១៩ ដឹកនាំដោយលោកវរសេនីយ៍ទោ លី ឡុងដែន បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងប៉ុស្តិ៍ស្វាយចេក និងកម្លាំងយោធាប្រចាំការវីរៈ ៥៣៤ នៃកងពលតូចថ្មើរជើងលេខ ៥៣ ចុះបង្ក្រាបទីតាំងស្តុកពលករមួយកន្លែង ស្ថិតក្នុងភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ឃាត់ខ្លួនពលករ៖ សរុបចំនួន ១២១ នាក់ (ស្រី ៤៩ នាក់ និងកុមារ ០៥ នាក់) ដែលត្រូវបានមេខ្យល់នាំមកលាក់ខ្លួនក្នុងដីឡូតិ៍ក្បែរអូរព្រំដែន ដើម្បីត្រៀមបញ្ជូនទៅប្រទេសថៃ។
មេខ្យល់ម្នាក់ត្រូវបានចាប់ខ្លួននៅនឹងកន្លែង ដកហូតមធ្យោបាយដឹកជញ្ជូន (រថយន្ត ០៣ គ្រឿង)៖
រថយន្ត Toyota Highlander ពណ៌ស ស្លាកលេខ ភ្នំពេញ 2BQ-9441
រថយន្ត Toyota Camry (បាឡែន) ស្លាកលេខ សៀមរាប 2A-6728
រថយន្ត Toyota Camry ស្លាកលេខ បាត់ដំបង 2B-9747
ពលករ រួមជាមួយមេខ្យល់ និងវត្ថុតាងរថយន្តមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែក រថយន្ត ២ គ្រឿងទៀតដែលម្ចាស់រត់គេចខ្លួនបាត់ (ដកសោរយកទៅជាមួយ) កម្លាំងចម្រុះកំពុងដាក់ការយាមកាមយ៉ាងតឹងរ៉ឹងនៅកន្លែងកើតហេតុ។ជុំវិញករណីបែកធ្លាយការបង្ក្រាបទ្រង់ទ្រាយធំនេះ មហាជនបានសម្តែងការត្រេកអរចំពោះចំណាត់ការរបស់កម្លាំងការពារព្រំដែន។ ទន្ទឹមនឹងនោះ ក៏មានការលើកឡើងថា មេខ្យល់ដែលគេស្គាល់ឈ្មោះថា “ប៊ឹប” បានធ្វើសកម្មភាពនេះជាយូរមកហើយ។ ការបង្ក្រាបលើកនេះ បង្ហាញពីការរឹតបន្តឹងសន្តិសុខ និងការមិនលើកលែងចំពោះសកម្មភាពល្មើសច្បាប់តាមបន្ទាត់ព្រំដែនពីសំណាក់កម្លាំងនគរបាលលេខ ៨១៩ និងកងពលលេខ ៥៣។






